(ប៉ារីស)៖ អតីតប្រធានាធិបតី​បារាំង លោក នីកូឡាស សាកូស៊ី ត្រូវបាន​ប៉ូលិសបញ្ជូន​ខ្លួនទៅសាកសួរ​ហើយ នៅថ្ងៃអង្គារនេះ ពាក់ព័ន្ធទៅនឹង​ការទទួលលុយពី​ក្រៅ​ប្រទេស ដើម្បីទ្រទ្រង់​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់លោក កាលពី​ឆ្នាំ២០០៧។ នេះបើ​តាម​ការចេញផ្សាយ​ដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

នេះជាការបង្ហាញខ្លួន​សាជាថ្មីលើកដំបូងហើយ ចំពោះមុខច្បាប់ដោយ លោក សាកូស៊ី ដើម្បីទទួល​ការសាកសួរ និងស៊ើបអង្កេត​ឲ្យដឹងថា លោកពិតជាបាន​ទទួលជំនួយពី​មេដឹកនាំ​លីប៊ី លោក មួអាម៉ា ហ្គាហ្វី មែនដែរឬទេ កាលពីយុទ្ធនាការ​បោះឆ្នោតឆ្នាំ២០០៧ ដែលកាល​ណោះ​លោកជាអ្នកឈ្នះ និងបានក្លាយ​ជាប្រធានាធិបតី​បារាំងនោះ។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៦ ពាណិជ្ជករជនជាតិបារាំងកាត់លីបង់ លោក Ziad Takieddine បានទម្លាយ​ព័ត៌មានថា លោកជាអ្នកបញ្ជូន​លុយបីកាបូប ស្មើនឹងជាង ៦លានដុល្លារ​អាមេរិក ត្រូវបានផ្តល់ដោយ លោក ហ្គាដាហ្វី ជូនដល់លោក សាកូស៊ី កាលពី​ឆ្នាំ២០០៦ និងឆ្នាំ២០០៧។

បច្ចុប្បន្នលោក សាកូស៊ី ដែលមាន​វ័យ ៦៣ឆ្នាំ នឹងត្រូវទទួល​ការសាកសួរ​រហូតដល់ ៤៨ម៉ោង ទៅលើរឿងក្តី​ចោទប្រកាន់​ទាំងឡាយ។ លោក សាកូស៊ី បាន​កាន់តំណែង​ជា​ប្រធានាធិបតី​បារាំងពី​ឆ្នាំ២០០៧ ដល់ឆ្នាំ២០១២៕