(សេអ៊ូល)៖ តារា​ចម្រៀង K-pop កូរ៉េខាងត្បូង​​មួយក្រុម​ នឹងបំពេញ​ដំណើរ​​ទស្សនកិច្ច ទៅ​កាន់ប្រទេសកូរ៉េខាងជើង​ ចាប់ពី​ថ្ងៃទី៣១ ខែមីនា ជាផ្នែកមួយ​នៃការបំពេញទស្សនកិច្ច​ទៅវិញទៅមក បន្ទាប់ពីទីក្រុង​ព្យុងយ៉ាង បញ្ជូនក្រុម​សិល្បៈរបស់​ខ្លួន ឱ្យមកសម្ដែង​នៅក្នុងព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ កាលពីខែកុម្ភៈ។ នេះបើតាម​ក្រសួងបង្រួប​បង្រួមជាតិ​កូរ៉េខាងត្បូង នៅរសៀលថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

យោងតាម​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង ក្រុមតារា​ចម្រៀងស្រី Red Velvet នឹងបំពេញដំណើរ​ទស្សនកិច្ច​ចាប់ពី ថ្ងៃទី៣១ ខែមីនា រហូតដល់​ថ្ងៃទី០៣ ខែមេសា ទៅកាន់ទីក្រុង​ព្យុងយ៉ាង។ ជាងនេះ​ទៅទៀត តន្រ្តីករ​ជើងចាស់ Cho Yong-pil Lee Sun-hee ក៏ស្ថិតនៅក្នុងក្រុម​ប្រតិភូកូរ៉េខាងត្បូង ដែលត្រូវធ្វើ​ដំណើរទៅកាន់​កូរ៉េខាងជើង​ផងដែរ ដើម្បីដឹកនាំ​ការសម្ដែង ចំនួនពីរនៅក្នុង​ទីក្រុង​ព្យុងយ៉ាង។ ការសម្ដែង​លើកទី ១ នឹងត្រូវធ្វើឡើង​នៅសាលសំដែង​ នៅភាគខាងជើង​ទីក្រុង​ព្យុងយ៉ាង រីឯ ការសម្ដែង​លើកទី ២ នឹងប្រព្រឹត្ត​ទៅនៅសាល​សម្ដែង Ryukyung Chung Ju Yung Gymnasium។

គួរបញ្ជាក់ថា ក្រុមមន្ត្រី​កូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់កូរ៉េខាង​ជើង​ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ដើម្បីត្រួត​ពិនិត្យ ទីតាំងដែលក្រុម​តារាចម្រៀង K-pop Red Velvet ត្រូវសម្ដែង។ បើសិនជា​ក្រុម K-pop ខាងលើនេះ បានទៅសម្តែង​នៅកូរ៉េខាងជើង តាមការគ្រោង​ទុកមែននោះ វានឹងក្លាយ​ជាប្រវត្តិសាស្ត្រ​ហើយ សម្រាប់សិល្ប​តន្ត្រីសម័យ​ទំនើប​កូរ៉េខាងត្បូង ដែលបានសម្តែង​លើទឹកដី​កូរ៉េខាងជើង និងជាភាពវិជ្ជមាន​ថ្មីមួយ​ទៀត៕