(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញា​ទីក្រុងសេអ៊ូល នាថ្ងៃចន្ទនេះ បានស្នើឲ្យមាន​ការចាប់ខ្លួន អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី ម្យុងបាក់ ពាក់ព័ន្ធការចោទប្រកាន់​ជាច្រើន​រឿងពុករលួយ អំឡុងពេល​ដែលលោកកាន់អំណាច​ជាប្រធានាធិបតី។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពី AFP នាល្ងាចថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ការទាមទារឲ្យមានការចាប់ខ្លួនលោកនេះ គឺក្រុមរដ្ឋអាជ្ញា នៃតុលាការ​ទីក្រុងសេអ៊ូល​មាន​ការព្រួយបារម្ភថា ភស្តុតាងនានា​នឹងត្រូវបំផ្លាញ​ចោល ប្រសិនបើតុលាការបណ្តោយឲ្យ​លោក លី ម្យុងបាក់ មានសេរីភាព​នៅក្រៅការ​ឃ្លាំមើល ឬឃុំឃាំង​ជាបណ្តោះ​អាសន្ន​នោះ។ បច្ចុប្បន្ន​នេះ​លោក លី មានអាយុ ៧៦ឆ្នាំហើយ ដោយលោក​​ធ្លាប់កាន់​តំណែង​ជា ​ប្រធានាធិបតី​​កូរ៉េខាងត្បូង ក្នុងអាណត្តិឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បន្ទាប់មក​ទើបលោកស្រី ផាក គឺនហេ ឡើងកាន់​តំណែងបន្ត ក្រោយជាប់ឆ្នោត​កាលពី​ឆ្នាំ២០១៣ (ប្រធានាធិបតីកូរ៉េខាងត្បូង អាចកាន់អំណាចបាន​តែ ១អាណត្តិ ប៉ុណ្ណោះ ក្នុងមួយជីវិត​នយោបាយ ដោយមាន​រយៈពេល ០៥ឆ្នាំ)។

គួរបញ្ជាក់ថា លោក លី ម្យុងបាក់ (Lee Myung-bak) ក៏ធ្លាប់បានប​ង្ហាញមុខ​ចំពោះ​ព្រះរាជអាជ្ញា នៃតុលាការ​ទីក្រុងសេអ៊ូល​ម្តងរួចមក​ហើយ ដើម្បីធ្វើការ​ស្រាយបំភ្លឺ ជុំវិញបទចោទប្រកាន់​នានា​មកលើរូបលោក ពាក់ព័ន្ធនឹង​អំពើ​ពុករលួយ​កាលពីព្រឹក​ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។ លោកបាន​បង្ហាញខ្លួន នៅចំពោះមុខតុលាការ​នៃសង្កាត់ ភាគកណ្តាល​​ទីក្រុង​សេអ៊ូល ក្នុងនាមជន​សង្ស័យ​នៃ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ ក្រោយពីមាន​​ការចោទប្រកាន់ថា លោកបានទទួល​​ប្រាក់​សំណូក ១០លានដុល្លារ ពីក្រុមហ៊ុន និងទីភ្នាក់ងារ​ស៊ើបអង្កេត​នានា​​នៅក្នុងប្រទេស​​កូរ៉េខាងត្បូង។

លោក លី បានក្លាយជាអតីតប្រធានាធិបតី​កូរ៉េខាងត្បូង​ចុងក្រោយហើយ ដែលត្រូវបាន​ក្រុមរដ្ឋអាជ្ញាធ្វើការស៊ើបអង្កេត ជុំវិញករណីពុករលួយ ខណៈដែល​សាល​ក្រមទៅលើអតីតប្រធានាធិបតី​មួយរូបទៀត គឺលោកស្រី ផាក គឺនហេ ដែលត្រូវបាន​បណ្តេញចេញពី​អំណាចកាលពីឆ្នាំ២០១៧ ជុំវិញករណីពុករលួយដែរនោះ នឹងត្រូវប្រកាស​នៅអំឡុងខែមេសា ខាងមុខនេះហើយ៕