​(ហុងកុង)៖ កំពូលមហាសេដ្ឋី​ប្រាក់ពាន់លាន នៅហុងកុង លោក លី កាស៊ីង (Li Ka-shing) ដែលបាន​ចំណាយពេល​ក្នុងមួយជីវិត​របស់លោក ​ពីមុខរបរ​រកស៊ីតូចតាច រហូតដល់ក្លាយ​ជាម្ចាស់មុខជំនួញ​ ដ៏ធំជាងគេ​នៅក្នុង​ទ្វីបអាស៊ី បានសម្រច​ចិត្តប្រកាស​ចូលនិវត្តន៍​ហើយ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ នៅថ្ងៃ​សុក្រនេះ លោក Li Ka-shing បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា​ «​ខ្ញុំបានសម្រចចិត្ត ចុះ​ចេញពីតំណែងជាប្រធាន និងចូលនិវត្តន៍​ពីតួនាទីជានាយក​ប្រតិបត្តិក្រុមហ៊ុន CK Asset Holdings»។ ប៉ុន្តែ​ទន្ទឹមគ្នា លោក Li បានអះអាង​ថា លោកនៅតែចង់បម្រើការងារ​ជា ទីប្រឹក្សាជាន់ខ្ពស់របស់​ក្រុមហ៊ុន​ដដែល។

គួរបញ្ជាក់ថា លោក Li Ka-shing ដែលនឹង​ឈានចូលដល់​អាយុ ៩០ឆ្នាំ នៅខែកក្កដា​ខាងមុខនេះ បានប្រគល់​តួនាទីឱ្យ​កូនប្រុសច្បងរបស់​លោកឈ្មោះ Victor។ លោក Victor ក៏នឹងត្រូវចូលកាន់​តំណែងផងដែរ​ ជាប្រធាន​ក្រុមហ៊ុន CK Hutchison ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធមួយ​របស់ ក្រុមហ៊ុន​អចលទ្រព្យ CK Asset Holdings៕