(ម៉ូស្គូ)៖ ការទទួលបានព័ត៌មាន​សំងាត់របស់កូន​ប្រសារប្រុស​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងជាទីប្រឹក្សា​ជាន់ខ្ពស់​សេតវិមាន គឺលោក ហ្សារែដ ឃូស្នឺ (Jared Kushner) ជារឿងមួយគួរឱ្យព្រួយបារម្ភ​ចំពោះសន្តិសុខជាតិ ហើយដែលនេះ​តម្រូវឱ្យ លោកគួរ​តែលាលែង ឬត្រូវបណ្ដេញ​ចេញពី​តំណែង។ នេះបើតាម​ក្រុមសមាជិក​សភាអាមេរិក​បក្សប្រជាធិបតេយ្យ ដកស្រង់​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសំបុត្រ​មួយផ្ញើជូនប្រធាន​ការិយាល័យ​សេតវិមាន លោក John Kelly ក្រុមសមាជិក​សភាបក្ស​ប្រជាធិបតេយ្យ បានលើក​ឡើងយ៉ាងដូច្នេះថា «យើងបាន​សរសេរ​សំបុត្រមួយ ដើម្បីក្រើនរំលឹក​ពីការព្រួយបារម្ភ​ស្ដីពីសន្តិសុខជាតិ ពាក់ព័ន្ធនឹង​ការនៅតែបន្ត ទទួលបានព័ត៌មាន​សំងាត់របស់​ទីប្រឹក្សា​ជាន់ខ្ពស់ លោក Jared Kushner ក៏ដូចជាវត្តមាន​របស់លោក​ នៅក្នុងសេតវិមាន​... ដូច្នេះ​លោក Kushner គួរតែត្រូវលាលែង​ពីតំណែងជាបន្ទាន់ ហើយបើសិន​ជាលោកមិនចង់លាលែង​ដោយខ្លួនឯង យើងជឿ ជាក់ថាវា​គឺជាកតាព្វកិច្ច​របស់លោក (John Kelly) ក្នុងនាមជា​ប្រធានការិយាល័យ​សេតវិមាន ដើម្បីបណ្ដេញ​គាត់ចេញ​ពីតំណែង»

គួរបញ្ជាក់ថា នៅក្នុងសំបុត្រ​ដដែល ក្រុមសមាជិកសភា​ទាំងនេះ ក៏បានកត់សម្គាល់​ដែរពីទំនាក់ទំនង​របស់ លោក Kushner ជាមួយក្រុម​មន្ត្រី​បរទេស ខណៈលោកកំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត របស់រដ្ឋអាជ្ញា​ពិសេសអាមេរិក ជុំវិញការចោទ​ប្រកាន់ ថារុស្ស៊ីបានលូក​ដៃចូលក្នុងកិច្ចការបោះឆ្នោត​ប្រធានាធិបតីអាមេរិក កាលពី​ឆ្នាំ២០១៦៕