(ឡុងដ៍)៖ សៀវភៅជា​ច្រើន ជាពិសេសគឺសៀវភៅ​មានចំណងជើងថា​ «A Brief History of Time» របស់រូបវិទូជនជាតិ​​អង់គ្លេសដ៏ល្បីល្បាញ គឺលោក ស្ទីវិន ហាកឃីង (Stephen Hawking) ត្រូវបានគេដាក់​តាំងបង្ហាញ​ នៅក្នុងបណ្ណាគារ​មួយកន្លែង ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពី​ថ្ងៃទី១៤ ខែមីនាម្សិលមិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

ការផ្សព្វផ្សាយ​តាមរយៈការដាក់តាំង​បង្ហាញ សៀវភៅស្នាដៃ​និពន្ធរបស់លោក Hawking នោះគឺជាការទាក់ទាញ​មហាជន មិនថាតែនៅក្នុង​ចក្រភពអង់គ្លេស ដែលជាទឹកដីកំណើត​របស់លោក​ប៉ុណ្ណោះទេ ប៉ុន្តែប្រជាជននៅ​ទូទាំងពិភពលោក ក៏អាចរក្សា​ទុកនូវការ​សិក្សា​រកឃើញ​​ដ៏មានតម្លៃ ដែលត្រូវ​បាន​ទទួលស្គាល់​ជា​សកល​នេះ​ផងដែរ។ ស្នាដៃនានា​​របស់លោក ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រជំនាន់នេះ និងជំនាន់ក្រោយ បន្តស្វែងរក​នូវអាថ៌កំបាំង​នៃចក្រវាឡដ៏ធំធេង និងបន្តអរិយធម៌​​របស់​មនុស្ស​លោក ដែលអាច​និយាយបានថា គ្មាននៅកន្លែងណា​ផ្សេងក្រៅពីភពផែនដី​ឡើយ។

លោក ហាកឃីង បានទទួល​មរណភាព​កាលពីថ្ងៃពុធ ក្នុងវ័យ ៧៦ឆ្នាំ ដោយសារជំងឺ​ដ៏កម្រ​មួយហៅថា Amyotrophic Lateral Sclerosis (ALS) ដែល​បាន​ធ្វើ​ឲ្យ​សាច់ដុំ​របស់​លោក​ដំណើរ​ការលែង​បាន​បន្តិចម្តងៗ។ លោក​បានទទួលមរណភាព យ៉ាងស្ងប់ស្ងាត់នៅក្នុង​ផ្ទះរបស់លោក នៅក្នុង​ទីក្រុង Cambridge។ នេះបើតាមអ្នកនាំពាក្យគ្រួសាររូបវិទូរូបនេះ។

លោក Hawking ដែលមាន​ឈ្មោះ ពេញថា Stephen William Hawking បានកើតនៅ​ទីក្រុងអុកស្វត (Oxford) ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ១៩៤២ ហើយឪពុក​របស់លោក ដែលជាអ្នកស្រាជ្រាវ​ផ្នែកជីវវិទ្យាម្នាក់នោះ បានផ្លាស់ប្តូរទីលំនៅ​ជាមួយម្តាយ​របស់លោក​ ចេញពីទីក្រុងឡុងដ៍ ដើម្បីគេចខ្លួន​ពីការទម្លាក់គ្រាប់​របស់​ពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់។

លោកគឺជាបុគ្គល​ម្នាក់ មាន​ការតស៊ូពុះពារ​យ៉ាងខ្លាំងក្លា​ ដោយបានបញ្ចប់សៀវភៅ​​​មួយក្បាលមាន​ចំណង​ជើងថា​ «A Brief History of Time» ដែលលក់ដាច់​បានជាង ១០លានក្បាល ទោះបីជាវា​ត្រូវ​គេ​​ដាក់​រហស្សនាម​ថា ជា «សៀវភៅដ៏ល្បី​បំផុត​​លើកលោក ដែលពុំមាន​នរណាអាន» ក៏ដោយ។ ក្នុងការចូលរួម​ចំណែករបស់​លោក ទៅក្នុងចំណេះ​ដឹងផ្នែក​​វិទ្យាសាស្រ្ត លោក Hawking បានរកឃើញ​បាតុភូតមួយ​ ដែលត្រូវគេ​ស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះ​គឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញ​ថាមពលរបស់​វាបន្តិចម្តងៗ ហើយ​ក៏រលាយ​​បាត់បង់​ទៅ។

លោក Hawking មានឈ្មោះ​ល្បីល្បាញ និងគោរព​យ៉ាងខ្លាំង ដោយសារ​សមត្ថភាពដ៏អស្ចារ្យ​របស់លោក ក្នុងការ​បង្កើត​ដំណោះស្រាយ​​បែប​វិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការ​គណនា ឬការពិសោធន៍​អ្វីឡើយ។ ចំណែកឯ ស្នាដៃចុង​ក្រោយបំផុត ឬជាដំបូន្មានចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយ​​ពាសពេញ​ពិភពលោកនោះ គឺលោក Hawking បានប្រាប់ដល់ក្រុមអ្នក​វិទ្យាសាស្ត្រ និងមនុស្សលើ​​ភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិត​អេលៀន ឬមនុស្សភព​ផ្សេងនោះ​​​ទៀតទៅព្រោះវា នឹងបង្ក​ការគំរាមកំហែង​ដល់ភពផែនដី​ ប្រសិនបើ​អេលៀនទាំងនោះ មកកាន់តែផែនដី​ដោយចេតនាចង់ទន្ទ្រាន​គ្រប់គ្រង។

ជុំវិញការទទួល​មរណៈភាពនេះ កូនៗរបស់​លោក Hawking គឺអ្នកនាង Lucy, លោក Robert និង លោក Tim បា​នអះអាង ថា ពួកគេពិតជា​មានអារម្មណ៍ក្តុកក្តួល​បំផុត ចំពោះការលាចាក​លោក នៃឪពុកជាទីស្រឡាញ់​បំផុតរបស់ពួកគេ ហើយបណ្ដា មេដឹកនាំដូចជានាយករដ្ឋមន្ត្រីក៏បានចូលរួមសម្ដែងក្ដីមរណទុក្ខយ៉ាងក្រៀមក្រំផង ចំពោះការបាត់បង់អ្នកវិទ្យាអស្ចារ្យរូបនេះ។ តែទោះបី​ជាបែបនេះក្តី ស្នាដៃ និងលទ្ធផល​នៃការស្រាវជ្រាវ​របស់លោក នឹងបន្តក្លាយជា​វត្ថុមានតម្លៃ សម្រាប់​អ្នកវិទ្យាសាស្ត្រ និងមនុស្ស​លើផែនដី ធ្វើការស្វែងយល់ ហើយសិក្សា​បន្តទៅមុខទៀត៕