​(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានបង្ហាញក្តីជឿជាក់ថា រុស្ស៊ីគឺជាអ្នកនៅ​ពីក្រោយការ​បំពុលសម្លាប់​ អតីតមន្ត្រីទីភ្នាក់ងារ​ចារកម្មរុស្ស៊ីម្នាក់ នៅលើទឹកដី​អង់គ្លេស ហើយដែលនេះ​ប្រៀបបានទៅ​នឹងការដុតបញ្ឆេះ​កំហឹង​ របស់បណ្ដា​ប្រទេស​លោកខាង លិចប្រឆាំង​នឹងទីក្រុង​ម៉ូស្គូ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

យោងតាម​អាជ្ញាធរអង់គ្លេស អតីតទីភ្នាក់ងារ​ចារកិច្ចរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីហ្គៃ (Sergei Skripal) និងកូនស្រីរបស់​លោក ឈ្មោះ យូលៀ (Yulia) ត្រូវបានគេ​បំពុលសម្លាប់ នៅក្នុងទីក្រុង សាលីប៊ឺរី (Salisbury) នៃទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយបច្ចុប្បន្នអ្នកទាំង ពីរកំពុងស្ថិតនៅក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ទីក្រុងឡុងដ៍ បានចោទប្រកាន់រុស្ស៊ីថា គឺជាអ្នកនៅពីក្រោយ​ការ​វាយប្រហារនេះ ខណៈលេចលឺ​ព័ត៌មានជា​ច្រើនថា លោក Skripal បានលក់ព័ត៌មាន​សំងាត់ជាច្រើន​ឱ្យអង់គ្លេស ទាក់ទិននឹង​ចំនួនចារកម្មរុស្ស៊ីនៅអឺរ៉ុប។

ជុំវិញភាពចម្រូងចម្រាស់នេះដែរ លោកស្រី ហ៊ឺធើ ណឺត (Heather Nauert) បានគូសបញ្ជាក់​នៅក្នុងសេចក្ដី​ថ្លែងការណ៍ កាលពីថ្ងៃពុធ យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក យល់ឃើញដូច​ចក្រភពអង់គ្លេសថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ​លើការបំពុល​សម្លាប់ពលរដ្ឋ អង់គ្លេស និងកូនស្រី​របស់គាត់... ហើយសេតវិមាន​ក៏គាំទ្រ​ផងដែរ​ ចំពោះការសម្រេច​ចិត្តបណ្ដេញ​មន្ត្រីទូតរុស្ស៊ី ចេញពី​អង់គ្លេស ដ្បិតវាគឺជាវិធានការ​មួយឆ្លើយតបទៅនឹង​ទីក្រុងម៉ូស្គូ»

តែទោះជា​យ៉ាងនេះក្ដី រុស្ស៊ីបានច្រានចោល​រាល់ការចោទប្រកាន់​ទំាងឡាយ ហើយថា «ការចោទប្រកាន់ទាំងឡាយ គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន... ដូច្នេះយើង​ស្នើសុំ​ភស្ដុតាង​ជាក់លាក់ ចំពោះការចោទ​​ប្រកាន់ប្រឆាំងនឹងរុស្ស៊ី ហើយយើងក៏មិនស្ទាក់ស្ទើរ​ដែរ ក្នុងការចាត់វិធានការ​ឆ្លើយតប»។ នេះជាការលើកឡើង របស់អគ្គរដ្ឋទូតរុស្ស៊ី​ប្រចំាអង្គការ​សហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស៊ីយ៉ា (Vasily Nebenzya)៕