(វ៉ាស៊ីនតោន)៖ យន្តហោះ​ចម្បាំង​ធុន F-18 មួយគ្រឿងរបស់​កងទ័ពជើងទឹក​អាមេរិក បានធ្លាក់ទៅ​ក្នុងផ្ទៃទឹកបឹង​មួយកន្លែង ក្បែរមូលដ្ឋាន​យោ​ធា​​​នៃទីក្រុង ឃី វែសត៍ (Key West) រដ្ឋផ្លូវរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដែលជាលទ្ធផល​អាកាសយានិក​ទាំងពីរ​នាក់​នៅលើយន្តហោះ បានបាត់​បង់ជីវិត។ នេះបើ​តាម​ការចេញផ្សាយ​ដោយ ស្ថានីយទូរទស្សន៍ CNN នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់​ពីកងទ័ពជើងទឹក​អាមេរិក ​នៅពេលកើតហេតុ​អាកាសយានិក​ទាំងពីរនាក់ បានចុះបាញ់កៅអី​របស់ពួកគេចេញ​ពីក្នុង​យន្ត​ហោះ ហើយក្រោយ​មកត្រូវបានជួយសង្រ្គោះ​ចេញពីក្នុងទឹក ដោយឧទ្ធម្ភាគចក្រ និងត្រូវបាន​បញ្ជូនបន្ត​តាមរថយន្តសង្រ្គោះ​បន្ទាន់​ ទៅកាន់​មន្ទីរ​ព្យាបាល Lower Keys ប៉ុន្តែជាអកុសល្យ​ជីវិតរបស់ពួកគេ ពុំអាច​ត្រូវបានស្រោចស្រង់​ទាន់ពេលនោះ​ឡើយ។

គួរជម្រាបថា យន្តហោះចម្បាំង​ខាងលើ ដែលបានស្ថិតក្នុង​ការហោះហើរហ្វឹកហ្វឺន រួចក៏បានធ្លាក់ ខណៈវាកំពុងសំដៅ​ឆ្ពោះទៅកាន់​​មូលដ្ឋាន​​យោធា Key West ហើយមូលហេតុ​នៅពីក្រោយការធ្លាក់ កំពុងស្ថិតក្រោម​ការស៊ើបអង្កេត៕