(វ៉ាស៊ីនតោន)៖ ការខ្វែងគំនិតគ្នា​ថា​ តើត្រូវធ្វើដោះស្រាយ​យ៉ាងដូចម្ដេច ចំពោះបញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជាមូលហេតុ ដ៏សំខាន់មួយជំរុញ​ឱ្យលោក ដូណាល់ ត្រាំ បណ្ដេញ​លោក រិច ធីល្លឺសុន ចេញពីតំណែង​ជារដ្ឋមន្ត្រីការ​បរទេស។ នេះបើតាម ប្រភពស្និទ្ធនឹងលោក ធីល្លឺសុន ដកស្រង់ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

លោក ត្រាំ និងលោក ធីល្លឺសុន ធ្លាប់បង្ហាញ​ពីការខ្វែងគំនិតគ្នា​យ៉ាងខ្លាំង ជុំវិញសំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដោយម្ខាង​ប្រធានាធិបតី​អាមេរិក​រូបនេះ ចង់បន្តការ​បង្កើនការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ នឹងទីក្រុង​ព្យុងយ៉ាង រីឯអតីត​រដ្ឋមន្ត្រីការ​បរទេសរបស់ លោកបែរជាចង់​បន្ធូរបន្ថយ​ទណ្ឌកម្ម ដើម្បីឱ្យកូរ៉េខាងជើង​ទន់ចិត្ត ងាក​មករកតុចរចាទៅវិញ។

បន្ថែមពីលើនេះ បើតាម​ប្រភព​ស្និទ្ធនឹងលោក ធីល្លឺសុន លោក ត្រាំ មានការព្រួយ​បារម្ភខ្លាច​ក្រែងថា​ លោក ធីល្លឺសុន ផ្ដល់សម្បទាន​មួយ​ឱ្យកូរ៉េខាងជើង ដែល នេះធ្វើឱ្យប៉ះពាល់​ដល់គោលនយោបាយ​ដាក់ទណ្ឌកម្ម​ជាអតិបរមា ប្រឆាំងកូរ៉េខាងជើងរបស់​រដ្ឋបាលសហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ ប្រភពដដែលក៏​បាននិយាយដែរថា លោក ត្រាំ បានប្រាប់ប្រធាន​ការិយាល័យ​សេតវិមាន លោក ចន ឃែលលី (John Kelly) ថា លោក ធីល្លឺសុន ចំបាច់ត្រូវតែលាលែង​ពីតំណែង។ ប៉ុន្តែ​ទន្ទឹមគ្នា លោក Kelly បានព្យាយាម​ការពារលោក​ ធីល្លឺសុន ណាស់ដែរ តែលោក ត្រាំ មិនព្រមស្ដាប់ឡើយ។

គួររំលឹកថា កាលពីថ្ងៃអង្គារ​កន្លងទៅ លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​បណ្ដេញលោក ធីល្លឺសុន ចេញពីតំណែង​ជារដ្ឋមន្ត្រី​ការបរទេស​អាមេរិក ដោយដាក់ឱ្យ​នាយកស្ថាប័ន​ចារកម្មអាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike ​Pompeo) ជំនួស​ដំណែង​នេះវិញ។ មួយវិញទៀត ការសម្រេចចិត្តនេះ​ធ្វើឡើងតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ បន្ទាប់លោក ធីល្លឺសុន ត្រឡប់មក​ដល់ទីក្រុង​វ៉ាស៊ីនតោន​វិញ ក្រោយបញ្ចប់ ទស្សនកិច្ច​នៅអាហ្រ្វិក។

យ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាម​ពាក់ព័ន្ធនឹងការ​បណ្ដេញ លោក ធីល្លឺសុន ក៏ធ្លាប់បានផ្ទុះ​ឡើងជាច្រើនរួចមក​ហើយដែរ ក្រោយអ្នកទាំងពីរ​ផ្ទុះសង្រ្គាមពាក្យ​សម្ដីនឹងគ្នា ដោយអតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បានហៅ លោក ត្រាំ ថាជាមនុស្សល្ងីល្ងឺ ធ្វើឱ្យលោក ត្រាំ ខឹងរហូតដល់​បបួលគ្នា​ សាកល្បងប្រាជ្ញា​ទៀតផង៕