(ប៊ែរឡាំង)៖ ​លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ទីបំផុត​ត្រូវបាន​សភាបោះឆ្នោត​ជ្រើសរើស​ជាផ្លូវការ ឲ្យបន្តធ្វើជាអធិការបតីអាល្លឺម៉ង់​ជាថ្មីម្តងទៀត ដោយនេះគឺជា​អាណត្តិ​ទីបួន​ហើយរបស់លោកស្រី ក្នុងការដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេបំផុត ​ប្រចាំនៅទ្វីបអឺរ៉ុប​មួយនេះ។ នេះបើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាសរបស់​ប្រធានវិមាន ប៊ុនឌែស្ទេច (Bundestag) ដែលជា​សភាសហព័ន្ធ​នៃប្រទេស​អាល្លឺម៉ង់ មេដឹកនាំ​នយោបាយ​ជាស្រ្តីដែលពោរ​ពេញដោយបទពិសោធន៍​វ័យ ៦៣ឆ្នាំ រូបនេះ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៣៦៤អាសនៈ ក្នុងចំណោម​អាសនៈសរុបទាំង ​៧០៩ នៅឯ​វិមាន Bundestag។

បន្ទាប់ពីបានធ្វើ​ការសច្ចាប្រណិធាន​នៅក្នុងសភា​សហព័ន្ធខាង​លើ លោកស្រី Merkel បានចូលជួបជាមួយ​​ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រេងក៍ វ៉លតឺ ស្ទេនមៃយឺ (Frank-Walter Steinmeier) នៅឯវិមាន​ប្រធានាធិបតី បេឡេវួ (Bellevue) ក្នុងទីក្រុង​ប៊ែរឡាំង ជាទីដែលលោកស្រី ព្រមទាំងរដ្ឋមន្រ្តី​ចំនួន ១៥រូប របស់​លោកស្រី​បានស្បថ​ចូលកាន់​តំណែង។

គួរជម្រាបថា ការបោះឆ្នោត​ខាងលើ ត្រូវបានធ្វើឡើង​នៅ ១៧១ថ្ងៃ ក្រោយពីការ​បោះឆ្នោត​សហព័ន្ធ ដែលវាគឺជារយៈពេល​ដ៏អូសបន្លាយ​យូរ​​ជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត​នៃប្រទេសនេះ៕