(ឡុងដ៍)៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ធេរ៉េសា ម៉ាយ (Theresa May) បាននិយាយថា មិនមានរដ្ឋមន្ត្រី ឬក៏ញាតិ​វង្សអង់គ្លេសណាម្នាក់​ នឹងត្រូវទៅចូលរួម​ក្នុងព្រឹត្តិការណ៍​ បើសម្ពោធកីឡាបាល់ទាត់​ពិភពលោក World Cup នៅក្នុងប្រទេស​រុស្ស៊ីនារដូវក្ដៅ​នេះទេ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sky News នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅ​ចំពោះមុខ សមាជិកសភា​អង់គ្លេស​នៅថ្ងៃពុធ នេះ លោកស្រីនាយករដ្ឋមន្ត្រី​ក៏បានប្រកាស​ផងដែរថា អង់គ្លេសនឹងបណ្ដេញ មន្ត្រីទូតរុស្ស៊ី ២៣នាក់ ចេញពីប្រទេស បន្ទាប់ពីទីក្រុង​ម៉ូស្គូបាន​បដិសេធ​ បកស្រាយជុំវិញ​ការចោទប្រកាន់​ថា ទីក្រុងម៉ូស្គូ ជាអ្នក នៅពីក្រោយ​ការបំពុល​សម្លាប់ អតីតទីភ្នាក់ងារចារកម្មម្នាក់របស់ខ្លួន។ លោកស្រី Theresa May បានដាក់​ឱសានវាទឱ្យទីក្រុង​ម៉ូស្គូ ធ្វើការបកស្រាយ​ត្រឹមពាក់កណ្ដាល​យប់ថ្ងៃអង្គារ​​សប្តាហ៍នេះ អំពីសារធាតុពុលផលិតដោយរុស្ស៊ី​ ដែលត្រូវបានប្រើប្រាស់ ដើម្បីបំពុលសម្លាប់​អតីតចារកម្មរុស្ស៊ី លោក ស៊ីហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រី​របស់លោកឈ្មោះ យូលៀ (Yulia) នៅក្នុងទីក្រុង សាលីសប៊ឺរី (Salisbury) នៃទឹកដី​អង់គ្លេស កាលពី​ថ្ងៃទី០៤ ខែមីនា​កន្លងទៅ។

យ៉ាងណាក៏ដោយ រុស្ស៊ីបានច្រានចោល​រាល់ការចោទប្រកាន់​ទាំងឡាយ ខណៈមកទល់​ពេលនេះ លោក Sergei Skripal និងកូនស្រីរបស់​លោកឈ្មោះ Yulia កំពុងស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា បើតាមប្រភព​ពីមន្ត្រី UN អង់គ្លេស បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បើកកិច្ចប្រជុំជាបន្ទាន់ មួយក្នុង ថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្នុងគោលបំណង​ប្រាប់ពីករណី រុស្ស៊ីលួចបំពុល​សម្លាប់អតីត​ចារកម្ម របស់ខ្លួននៅលើទឹកដី​អង់គ្លេស។ លោក Sergei Skripal ធ្លាប់ជាអតីតចារកម្ម​រុស្ស៊ីម្នាក់ ប៉ុន្តែក្រោយមក​លោកបានមករស់ នៅអង់គ្លេស ព្រមទំាងបាន​លក់ព័ត៌មានសំងាត់​ជាច្រើនឱ្យទីក្រុង​ឡុងដ៍ ទាក់ទិននឹងចំនួនមន្ត្រីចារកម្មរុស្ស៊ីនៅ​អឺរ៉ុប៕