(ហ្គាសា)៖ ក្បួនប្រតិភូ ដឹកនាំដោយលោក​នាយករដ្ឋមន្ត្រីប៉ាឡេស្ទី រ៉ាមី ហាមដាលឡាហ៍ (Rami Hamdallah) ដែលមកបំពេញ​ទស្សនកិច្ចនៅតំបន់ ហ្គាសា បានរងការ​វាយប្រហារ​ដោយគ្រាប់បែក​នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែជា​សំណាងល្អ ដែលលោក​​មិនបាន​ទទួល​រងរបួស។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

បើតាមសេចក្តី​រាយការណ៍ ពីសាក្សីនៅក្បែរកន្លែង​កើតហេតុបានឲ្យដឹងថា គ្រាន់តែ​ក្បួន​របស់ លោក រ៉ាមី បានចូលមក​ដល់តំបន់ហ្គាសានោះ សំឡេងផ្ទុះ​ក៏បានកក្រើក​ឡើង​តែម្តង ប៉ុន្តែពុំមានការ​បញ្ជាក់ថា មានអ្នករងរបួស​នោះឡើយ។

គួរបញ្ជាក់ថា សម្រាប់ដំណើរ​​មកដល់នាព្រឹកនេះ របស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក​ត្រូវបានអម​ដំណើរដោយ ប្រធានទីភ្នាក់ងារស៊ើប​ការណ៍សម្ងាត់ លោក Majid Faraj មកកាន់​តំបន់ហ្គាសា ដែលគ្រប់គ្រង​ដោយក្រុមហាម៉ាស់ ខណៈដែល​​ប៉ាឡេស្ទីន មានគំរោង​អភិវឌ្ឍន៍កសិកម្ម​នៅទីនេះ៕