(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ចំណាប់ខ្មាំង ​០៣​នាក់​ជាស្រ្តី និងជនសង្ស័យ​ម្នាក់ជាខ្មាន់​កាំភ្លើង ត្រូវគេរក​ឃើញថា បានបាត់បង់ជីវិត ក្រោយ​ពី​ក្រុម​ប៉ូលិស​​​បាន​សម្រុក​ចូល​ទៅក្នុងមជ្ឈមណ្ឌល​ថែទាំអតីតយុទ្ធជន​មួយកន្លែង នៅរដ្ឋ​កាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។

បើតាម​សេចក្តី​រាយការណ៍​ នៃបណ្តាញព័ត៌មានក្នុងស្រុក​របស់អាមេរិក កងទ័ពជា​ច្រើននាក់ ត្រូវបានបញ្ជូន​ទៅកាន់ ​មជ្ឈមណ្ឌល​ថែទាំអតីត​យុទ្ធជន ក្នុងទីក្រុង យូនវីឡេ (Yountville) ខណៈបុរសជាខ្មាន់​កាំភ្លើង​មានវ័យ ៣៦ឆ្នាំ ស្ថិតក្នុងឈុតអាវ​ក្រោះពណ៌ខ្មៅ ប្រដាប់ដោយ​កាំភ្លើងស្វ័យប្រវត្តិ​​មួយដើម បានសម្រុកចូល​ទៅក្នុងមជ្ឈមណ្ឌល​ខាងលើ ហើយចាប់ស្រ្តី ០៣នាក់ជាចំណាប់ខ្មាំង។ ក្រោយមក​ទោះជា​កម្លាំងប៉ូលិស បានព្យា​យាម​ចរចា ដើម្បីឲ្យមាន​ការដោះលែង​ចំណាប់ខ្មាំង​យ៉ាងណាក្តី ស្រ្តីដ៏អភ័ព្វ​ទាំងបីនាក់ នៅតែត្រូវបាត់បង់​ជីវិតដដែល។

គួរជម្រាបថា ស្រ្តីជាចំណាប់​ខ្មាំងទាំង ០៣នាក់ គឺជាបុគ្គិលបម្រើការ​នៅក្នុង​មជ្ឈមណ្ឌល Pathway Home ជាកម្មវិធីឯកជន​ដែល​មើលថែទាំ​ ​ក៏ដូចជាជួយ​ដល់អតីត​យុទ្ធជន​អាមេរិក ដែលបានឆ្ល​ងកាត់សង្រ្គាម​អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដោយមាន​ជំងឺស្រ្តេសធ្ងន់ធ្ងរ ក្រោយពី​វិល​​ត្រឡប់មកដល់​ប្រទេស​កំណើតវិញ ហើយខ្មាន់​កាំភ្លើង ដែលអត្តសញ្ញាណ​ត្រូវប៉ូលិស​បានដឹង តែពុំត្រូវបញ្ចេញ​ជាសាធារណៈវិញនោះ ត្រូវគេជឿជាក់​ថា គឺជាសមាជិកនៃ​មជ្ឈមណ្ឌល Pathway Home៕