(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌​អាមេរិក នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានដាក់ពាក្យប្ដឹង​ដោយចោទប្រកាន់ថា រដ្ឋកាលីហ្វ័រញ៉ា និង​មន្ត្រី​កំពូលរដ្ឋនេះ​ពីរនាក់ បានជ្រៀតជ្រែក​ចូលក្នុងកិច្ចការ​ផ្ទៃក្នុង ពាក់ព័ន្ធនឹង​គោលនយោបាយ​អន្តោប្រវេសន៍​ តាមរយៈការ អនុម័តច្បាប់ដែល​រំខាន ដល់ប្រតិបត្តិការ​របស់រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់។ នេះបើ តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

យោងតាម​ក្រុមមេធាវីក្រសួង​យុត្តិធម៌អាមេរិក រដ្ឋធម្មនុញ្ញបាន​ផ្ដល់សិទ្ធិអំណាច​ ដល់រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន ក្នុងការ ដោះស្រាយ​បញ្ហាជន​អន្តោប្រវេសន៍ ហើយក្រុមមេធាវី​ទាំងនេះ ថែមទាំងអះអាង​ដែរថា រដ្ឋកាលីហ្វ័រញ៉ា ដែលជាមូលដ្ឋាន​របស់អ្នក​ប្រជាធិបតេយ្យ បានរារាំង​ដល់ការអនុវត្ត​ច្បាប់ របស់ក្រសួង​សន្តិសុខ​មាតុភូមិ តាមរយៈការអនុម័ត​ច្បាប់មិនត្រឹមត្រូវ លើរដ្ឋាភិបាល​សហព័ន្ធ។

យ៉ាងណាក៏ដោយ ជាការ​ឆ្លើយតប អភិបាលរដ្ឋកាលី​ហ្វរញ៉ាខាងគណបក្ស​ប្រជាធិបតេយ្យ លោក (ជែរី ប្រោន) Jerry Brown បានចេញ​សេចក្ដីថ្លែងមួយ ដោយហៅពាក្យ​បណ្ដឹងក្រសួង​យុត្តិធម៌ គឺជារឿងមួយគួរ​ឱ្យសោកសៅ និងមានចេត​នានយោបាយ។

គួររំលឹកថា តំណាងរាស្ត្រសភាអាមេរិក​មកពីរដ្ឋ​កាលីហ្វ័រញ៉ា បានអនុម័ត​ច្បាប់អន្តោប្រវេសន៍​ចំនួនបី កាលពីឆ្នាំ២០១៧ ក្នុង នោះច្បាប់មួយ​បានរារាំងមិនឱ្យ​និយោជកឯកជន ធ្វើការងារស្ម័គ្រចិត្ត​ជាមួយមន្ត្រីអន្តោប្រវេសន៍​សហព័ន្ធ និងតម្រូវឱ្យរាល់ ប្រធានក្រុមហ៊ុន​នានា ជូនដំណឹង​ជាមុនទាក់ទិន​នឹងពលករ ឬបុគ្គលិក មុននឹងមានការចុះឆែក​ឆេរពីអាជ្ញាធរ​សហព័ន្ធ៕