(បាងកក)៖ ព្រះមហាក្សត្រីយានីថៃ Sirikit ត្រូវបានព្រះបរមរាជវាំង​ទីក្រុងបាងកក ប្រកាសថា កំពុងស្ថិតនៅ​ក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យ​ព្រះរោគ ដោយទ្រង់នឹងគង់​នៅ​រយៈពេល ០៣ថ្ងៃនៅទីនោះ។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍ពីរាជវាំងថៃខាង​លើនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីព្រះមាតា​បង្កើត នៃមហាក្សត្រថៃ​ដែលទើបឡើងគ្រងរាជ្យថ្មីៗ បានយាងទៅ​មន្ទីរពេទ្យតាំងតែ​ពីថ្ងៃទី០៦ ខែមីនាម្សិលមិញ ហើយទ្រង់នឹង​បន្តគង់សម្រាក​ពិនិត្យរោគនៅទីនោះ រហូតដល់​ថ្ងៃ០៨ ខែមីនា ស្អែកនេះទើប​យាងត្រឡប់មករាជវាំង​វិញ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រី Sirikit មាន​ព្រះជន ៨៥ព្រះវស្សា​ទៅហើយ ដោយចាប់​តាំងពីអតីត​ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គត​កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មកនោះ ព្រះរាជសុខភាព​របស់ព្រះមហាក្សត្រី​ មិនសូវជាល្អ​​ប៉ុន្មាននោះ​ឡើយ ដោយតម្រូវ​ឲ្យទ្រង់ ទៅពិនិត្យ​ព្រះរោគជាប្រចាំ នៅមន្ទីរពេទ្យ​ទីក្រុង​បាងកក៕