(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្មានផែនការ​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ ប្រឆាំងនឹង​កូរ៉េខាងជើង ជាថ្នូរនឹងការ​បើកកិច្ចប្រជុំ​កំពូល ជាមួយ​ទីក្រុងព្យុងយ៉ាង​នោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀល​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

លោក មូន​ ជែអ៊ីន ថ្លែងបែបនេះ​ នៅមុនពេលលោក​ត្រូវបើក​កិច្ចប្រជុំជាមួយ​ថ្នាក់ដឹកនាំសភាជាតិ​កូរ៉េខាងត្បូង នៅឯការិយា ល័យ​ប្រធានាធិបតី​​កូរ៉េខាងត្បូង​នៅ​ថ្ងៃពុធ​នេះ។ កាលពី​ថ្ងៃអង្គារ ទីក្រុងសេអ៊ូល បានអះអាងថា កូរ៉េខាងត្បូង និងកូរ៉េខាង ជើង បានព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នាម្ដងទៀត​នៅខែមេសាខាងមុខនេះ ហើយ​កិច្ចប្រជុំនេះនឹង ត្រូវធ្វើឡើងនៅឯភូមិ ផាន់ម៉ុនចុម (Panmunjeom) ស្ថិតនៅក្នុងតំបន់គ្មានយោធា​ នៃព្រំដែន​អន្តរកូរ៉េ។ នេះបើតាម​ទីប្រឹក្សា​សន្តិសុខជាតិ របស់​លោក មូន ជែអ៊ីន គឺ​លោក Chung Eui-yong ថ្លែងឱ្យដឹង​ក្រោយបញ្ចប់​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ រយៈពេល​ពីរថ្ងៃ​នៅ​កូរ៉េខាងជើង។

គួរបញ្ជាក់ថា បើតាម​លោក Chung Eui-yong កូរ៉េខាងជើង​បានសន្យាថា ខ្លួននឹងមិនប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ឬក៏អាវុធ គីមីប្រឆាំងនឹង​ទីក្រុងសេអ៊ូល​នោះទេ ហើយមិនតែ​ប៉ុណ្ណោះរបបដឹកនាំ​កុម្មុយនិស្ដមួយនេះ ក៏បានបង្ហាញ​ពីបំណង​ជួបចរចា ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ ជុំវិញការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ៕