(ការ៉ាកាស)៖ បេក្ខជនល្បីៗចំនួន ០៥រូប ត្រូវបានប្រកាសជាផ្លូវការ​រួចទៅហើយថា នឹងឈរ​ឆ្នោតដណ្តើម​សន្លឹកឆ្នោត ដើម្បីចាប់យកតំណែង​ជាប្រធានាធិបតីថ្មី នៃប្រទេស​វេណេស៊ុយអេឡា ខណៈការបោះឆ្នោត​នឹងចាប់ផ្តើម​ជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ​ហើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

សម្រាប់បេក្ខជនទាំង ០៥រូបនេះ ក៏មានប្រធានាធិបតី​ជិតផុតអាណត្តិ លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ។ ប្រធានក្រុមប្រឹក្សាបោះឆ្នោត​ជាតិវេណេស៊ុយអេឡា លោកស្រី សូកូរ៉ូ ណឺណាន់ដែស (Socorro Hernadez) បានបញ្ជាក់ថា «លោក​ ម៉ាឌូរ៉ូ ក៏បានចុះឈ្មោះ​​ចូលរួមការ​ប្រកួតប្រជែង​ ដោយលោកឈរ​ឈ្មោះតំណាង​ឲ្យគណបក្ស​សង្គម​និយមរួបរួម នៃ​វេណេស៊ុយអេឡា (USPV)»

ដោយឡែកសម្រាប់​បេក្ខជន​ប្រកបដោយ​​សក្កានុពល​ផ្សេង​ទៀតនោះ គឺលោក ហែនរី ហ្វាល់ខុន អតីតអភិបាល​រដ្ឋឡារ៉ា ដែលជាអ្នកដើរ​តាមគន្លងរបស់អតីត​ប្រធានាធិបតី លោក ហ៊ូហ្គោ ឆាវែស ប៉ុន្តែបែរ​ជាប្រឆាំង​ទៅនឹង​រដ្ឋាភិបាលរបស់ លោក ម៉ាឌូរ៉ូ ដែលជាអ្នក​ស្មោះស្ម័គ្រ​នឹងលោក ឆាវែស ដូចគ្នា​ទៅវិញ។

បន្ថែមពីនេះ គឺបេក្ខជនបីរូប​ទៀតមាន​ដូចជា លោក រ៉េណាល់ដូ ឃ្វីហ្សាដា (Reinaldo Quijada) ជាអ្ន​ក​ប្រឆាំងនយោបាយ លោក ម៉ាឌូរ៉ូ, លោក ហ្សាវីយើ ប៊ឺទុកស៊ី (Javier Bertucci) អាយុ ៤៨ឆ្នាំ ជាអ្នកមាន​ប្រជាប្រិយភាព​ខ្លាំងផងដែរ ក្នុងសង្គម និងមួយរូប​ចុងក្រោយ គឺលោក ល្វីស អាឡេហ្សាន់ដ្រូ រ៉ាត់ទី (Luis Alejandro Ratti) ជាអ្នកនយោបាយ​ជំនាញ។ បុគ្គលទាំង ០៥រូបនេះ ត្រូវបាន CNE បញ្ជាក់ថា មានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ដែលអាច​ឈរឈ្មោះ ដណ្តើមតំណែង​ប្រធានាធិបតីបាន៕