(តេហេរ៉ង់)៖ អាជ្ញាធរអ៊ីរ៉ង់​បានកំណត់ ​ទីតាំងបំណែក​យន្ដហោះ​ដឹកអ្នកដំណើរ​មួយគ្រឿង ដែលបានធ្លាក់​នៅឯតំបន់ភ្នំ ភាគខាងលិចនៃប្រទេស​ កាលពីថ្ងៃអាទិត្យរួចរាល់​ហើយ។ នេះបើតាមក្រុម​អ្នកជួយសង្រ្គោះ​ ដកស្រង់ដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមប្រធាន​ក្រុមអ្នកជួយ​សង្រ្គោះ លោក ម៉ូតេហ្សា សាលីមី (Morteza Salimi) បំណែកយន្ដហោះ​ ត្រូវបានគេប្រទះឃើញ​នៅក្បែរ​ភូមិ ណូហ្គោល (Nogol នៃតំបន់ភ្នំ ដេណា (Dena)។ បន្ថែមពី​លើនេះ អ្នកនាំពាក្យកងឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ ក៏បានបញ្ជាក់​ដែរថា​ ឧទ្ធម្ភាគចក្រ​របស់ខ្លួន​បានរកឃើញ​បំណែកយន្ដហោះ​ នៅព្រឹក​ថ្ងៃអង្គារនេះ ហើយម្យ៉ាងវិញ​ទៀត បើសិនជា​អាកាធាតុ​អំណោយផល​នោះ ឧទ្ធម្ភាគចក្រក្រុម​អ្នកជួយសង្រ្គោះ​អាចនឹងចូល​តំបន់នោះ។

គួររំលឹកថា យន្តហោះ​ប្រភេទ ATR-72 មានជើងហោះ​ហើរលេខ EP3704 ផលិតនៅ​​ឆ្នាំ១៩៩៣ ដែលត្រូវបានចាត់​ទុកជាយន្តហោះ​វ័យចំណាស់មួយ ទុកសម្រាប់ធ្វើ​ដំណើរ​តែ​ក្នុងស្រុក ដែលមានរយៈចម្ងាយ​ខ្លីប៉ុណ្ណោះ ហើយវាបាន​ធ្លាក់នៅព្រឹក​ថ្ងៃអាទិត្យ (ម៉ោងនៅ​ទីក្រុង​តេហេរ៉ង់) ដោយបានសម្លាប់​មនុស្សទាំង​អស់ ៦៥នាក់ (អ្នកដំណើរ ៥៩នាក់ និង​សហសេវិក ០៦នាក់) ដែលពីដំបូង​ឡើយមានសេចក្តីរាយការណ៍​ថា មនុស្សជិះនៅលើនោះ​ទាំងអស់​មានរហូតដល់ ៦៦នាក់។
ចំណែកឯ កត្តាចម្បងដែល​បាននាំឲ្យយន្តហោះ​​ធុនមធ្យមរបស់អ៊ីរ៉ង់ ធ្លាក់នៅតំបន់​ភ្នំភាគខាងត្បូង​ប្រទេសនេះ អាចបណ្តាលមក​ពី​កត្តាអាកាសធាតុអាក្រក់​​ជាចម្បង ដែលមាន​ដូចជា អ័ព្ទចុះខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់បោក​ខ្លាំងជាដើម។

យន្តហោះ ATR-72 មានគោលដៅ​ពីទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់​ទីក្រុង Yasuj ភាគខាងត្បូង​ប្រទេសដែលមានចម្ងាយ ​ហោះហើរ ៧៨០គីឡូម៉ែត្រ ប៉ុន្តែវា​បានធ្លាក់នៅតំបន់​ភ្នំ Zagros ដែលមានអាកាសធាតុ​អាក្រក់ខ្លាំង៕