(អង់ការ៉ា)៖ ប្រទេសតួកគី បានឈានដល់ចំណុចកំពូលថ្មីមួយនៃរបបអ៊ីស្លាមនិយម​ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី​លោក Recep Tayyip Erdogan។ លោក Erdogan កំពុងគ្រោងបង្កើតកងទ័ពឯករាជ្យមួយដើម្បីទប់ទល់ ក៏ដូចជា​ប្រឆាំង​នឹង​អ្វី​ដែលខ្លួន​ចាត់​​ទុក​ថា ​ជាការធ្វើ​អន្ត​រាគមន៍​របស់លោកខាងលិច និងសម្ព័ន្ធមិត្តអង្គការណាតូជាពិសេស។ នេះបើតាមប្រភពពីសារព័ត៌មាន Turksih Minute នារសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

នោះហើយជាអ្វីដែល លោក Yigit Bulut ដែលជា​ប្រធានទីប្រឹក្សាជាន់ខ្ពស់របស់លោក Erdogan បាន​ថ្លែងប្រាប់​ទស្សនិកជន​នៅ​​បទអត្ថាធិប្បាយមួយ ដែល​​ចាក់​ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិតួកគី TRT កាលពីមួយសប្តាហ៍មុន ដោយលោក Bulut បាន​និយាយដូច្នេះ​ថា «តាមយោបល់របស់ខ្ញុំ កងទ័ព Aegean ត្រូវតែពង្រឹងសមត្ថភាពបន្ថែមតាមការ​បំពាក់យន្ដហោះចម្បាំងរបស់រុស្ស៊ី និង​របស់ចិន ពីព្រោះថាថ្ងៃណាមួយ​បណ្តាប្រទេសមួយចំនួន ដែលជាសមាជិករបស់អង្គការណាតូ តួយ៉ាងសហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​សព្វាវុធគិតជាតម្លៃខ្ទង់ ០៣ពាន់លានដុល្លារ ទៅកាន់ក្រុមអ្នកប្រយុទ្ធឃើដ PKK ប្រហែល​ជា​​អាច បកមក​​ធ្វើ​ការ​វាយ​ប្រហារ​លើ​ប្រទេស​តួក​គី​។

គួរជម្រាបថា បើ​តាម​មន្រ្តីជាន់ខ្ពស់រូបនេះ មូលហេតុមួយក្នុងចំណោមហេតុផលដទៃៗ​ទៀត ដែល​តួក​គីបានសម្រេចទិញ​ប្រព័ន្ធ​ការ​ពារ​មីស៊ីលរយៈចម្ងាយវែង S-400 ពី​ប្រទេសរុស្ស៊ីគឺ សម្រាប់ការ​ប្រុងប្រៀងការពារទុកជាមុនបែបនេះឯង៕