(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក រ៉ិច ធីល្លឺសុន បានបញ្ជាក់ពី​គោលជំហររបស់សហរដ្ឋអាមេរិក​ជាថ្មីម្តងទៀត ដែល​ស្ម័គ្រ​ចិត្តជានិច្ច ក្នុងការទាក់ទង​តា​មច្រកការទូត​ជាមួយកូរ៉េខាងជើង ដោយ​ប្រមុខការទូត​អាមេរិករូបនេះ បាន​និយាយថា រូបលោក​កំពុងផ្ទៀង​ត្រចៀករង់ចាំស្តាប់​ទីក្រុងព្យុងយ៉ាង មកបង្ហើបប្រាប់​លោកថា ខ្លួនត្រៀមខ្លួនចរចា​រួចរាល់ហើយ​ ឬនៅ។ នេះបើ​​តាម​ការដកស្រង់ការផ្សាយចេញពី​ ​ទីភ្នាក់​ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងក្នុងកិច្ចសម្ភាសន៍​មួយ ជាមួយស្ថានីយ​ទូរទស្សន៍​អាមេរិក CBS លោក ធីល្លឺសុន បានលើក​ឡើងយ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវកំណត់​ឲ្យ​​បានច្បាស់​នាពេលនេះ​នោះ គឺតើយើងត្រៀម​ខ្លួនហើយ ឬនៅ ដើម្បីចាប់​ផ្តើម​ការចរចា? តើពួកគេ (កូរ៉េខាងជើង) ត្រៀម​ខ្លួន​​ហើយ ​ឬ​នៅ? ប្រសិន​បើពួកគេ​នៅមិនទាន់ត្រៀមខ្លួនរួច​ទេនោះ យើងនឹងបន្ត​យុទ្ធនាការ​ដាក់សម្ពាធ និងទណ្ឌកម្ម​ទៅមុខទៀត ហើយ​យើង​នឹង​បង្កើនវា​ឲ្យកាន់តែខ្លាំង​ថែមទៀត​»

លោក រ៉ិច ធីល្លឺសុន បានបន្ថែមថា តួនាទីរបស់​លោកក្នុងនាមជា​ប្រមុខការទូត គឺធ្វើយ៉ាង​ណាធានា​ឲ្យបានថា កូរ៉េខាងជើង​អាចដឹង​ថា​ សហរដ្ឋអាមេរិក បើកទ្វារចំហស្វាគមន៍​ជានិច្ច ដើម្បីរង់ចាំទទួល​ទីក្រុងព្យុងយ៉ាង ឲ្យមកចូល​អង្គុយក្នុង​តុចរចា។ លោក ធីល្លឺសុន បាននិយាយ​ដូច្នេះថា «ខ្ញុំកំពុងរង់ចាំ​ស្តាប់អ្នកមក​ប្រាប់ខ្ញុំថា អ្នកត្រៀមខ្លួន​ដើម្បីចរចាគ្នា​រួចរាល់​ហើយ ឬក៏នៅ»

បន្ថែមពីនេះ​លោករដ្ឋមន្រ្តីការ​បរទេសអាមេរិក​បានសន្យាថា នឹងបន្តកិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន ដើម្បីដោះស្រាយ​បញ្ហា​នៃអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ តាមមធ្យោបាយ​ការទូត ទោះបីជាជម្រើស​នៃការប្រើប្រាស់​កម្លាំងយោធា នៅតែមិនត្រូវ​បោះបង់​ចោល​ទាំងស្រុង​ក៏ដោយ ហើយលោក​សង្ឃឹមថា វានឹងមិនឈាន​ដល់ការជ្រើសរើស​ជម្រើសនេះ​ឡើយ។ ជាមួយគ្នា​នេះ លោក ធីល្លឺសុន ក៏បានលើកឡើង​ពីសារសំខាន់​ នៃតួនាទី​របស់ចិន នៅក្នុងតុចរចា​នាពេលអនាគត​ ជាមួយ​កូរ៉េខាងជើង​ផងដែរ។

នៅពេល​ចោទសួរថាតើ ហេតុអ្វីបានជា​កូរ៉េខាងជើងត្រូវបោះបង់ចោល​កម្មវិធីអភិវឌ្ឍន៍​នុយក្លេអ៊ែរ ដែលទីក្រុង​ព្យុងយ៉ាង យល់​ឃើញថា ជាគោលនយោបាយ​ធានាសុវត្ថិភាព​មួយនោះ លោក រ៉ិច ធីល្លឺសុន បានឆ្លើយ​តបថា វាគ្មានប្រយោជន៍​អ្វីដល់​​កូរ៉េខាងជើង​ ក្រៅតែពីធ្វើឲ្យ​ប្រទេសនេះ​កាន់តែឯកោ ដាច់ឆ្ងាយពី​ពិភពលោក ទាំងផ្នែកការទូត​ និងផ្នែកសេដ្ឋកិច្ច​នោះឡើយ៕