(សេអ៊ូល)៖ គិតចាប់តាំងពី​​ការអញ្ជើញជា​ផ្លូវការ តាមរយៈលិខិត លោក គីម ជុងអ៊ុន ផ្ញើតាមប្អូន​ស្រីបង្កើត​​របស់លោក គឺអ្នកនាង គីម យ៉ូចុង មកជូន​ផ្ទាល់ដៃ លោក មូន ជែអ៊ីន ប្រធានា​ធិបតី​​កូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែកុម្ភៈនោះ រដ្ឋាភិបាល​ប្រទេសសម្ព័ន្ធមិត្ត​​កាត់ទឹកមិនដាច់របស់​អាមេរិកមួយនេះ មិនទាន់មាន​ការ​ឆ្លើយតបណា​មួយ ទៅកាន់កូរ៉េខាងជើង​វិញ​នោះឡើយ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក មូន ជែអ៊ីន​ ត្រូវបានគេមើល​ឃើញថា កំពុងមាន​ការស្ទាក់ស្ទើរក្នុងការ​សម្រេចចិត្ត ព្រោះខ្លាចក្រែងធ្វើឱ្យប៉ះពាល់​ដល់ទំនាក់ទំនង​ រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ក៏ដូចជាធ្វើឱ្យ​ភូមិសាស្ត្រនយោបាយ​នៅក្នុងតំបន់​ មានការផ្លាស់ប្ដូរ បើសិនជាលោក​យល់ព្រមបំពេញ​ទស្សនកិច្ច​ ទៅកាន់កូរ៉េខាងជើង។

ជាក់ស្ដែងកាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន លោក មូន បាន​ប្រាប់អ្នក​សារព័ត៌មាន​យ៉ាងដូច្នេះថា «វាដូចជាលឿន​ពេក​ក្នុងការគិត​ពីការបំពេញទស្សនកិច្ច​ ទៅកាន់ទីក្រុង​ព្យុងយ៉ាង បើទោះ ជាមានសង្ឃឹម​ខ្ពស់សម្រាប់កិច្ចប្រជុំ​កំពូល​កូរ៉េខាងត្បូង​ និងកូរ៉េខាងជើង​ក៏ដោយ។ ម្យ៉ាងវិញទៀត យើងនៅ​តែរំពឹងថា កិច្ចសន្ទនា​អន្តរកូរ៉េបច្ចុប្បន្ន​​អាចនឹងនាំ​ទៅ​រក​កិច្ចសន្ទនា​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជុំវិញការលុប​បំបាត់អាវុធ​នុយក្លេអ៊ែរ នៅ​លើ​ឧបទ្វីបកូរ៉េ»

គួរបញ្ជាក់ថា លិខិត លោក គីម ជុងអ៊ុន ត្រូវបានប្រគល់​​ជូនលោក មូន ផ្ទាល់ដៃកាលពីជាង​មួយសប្ដាហ៍មុន នៅក្នុងជំនួប​ពិភាក្សា​ផ្លូវការ​ រវាងប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង និងថ្នាក់ដឹកនាំ​រដ្ឋាភិបាល​​កូរ៉េខាងត្បូង ដែលដឹកនាំដោយ​ប្រធានាធិបតី លោក មូន ជែអ៊ីន។ នៅក្នុង​លិខិតនោះ គឺលោក គីម មេដឹកនាំវ័យក្មេង​​ជំនាន់ទី ៣ របស់​កូរ៉េខាងជើង បានអញ្ជើញ​លោក មូន ទៅបំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងព្យុងយ៉ាង​ ឲ្យបានឆាប់តាម​ដែលអាចទៅរួច ហើយលោក គីម មានឆន្ទៈក្នុង​ការ​ជម្រុញ​ឲ្យទំនាក់ទំនង​រវាងកូរ៉េទាំងពីរ​ បានប្រសើរ​ឡើងវិញ។

ទោះបីជាមានការវិភាគ​​ច្រើនមកហើយ ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ អំពីចម្លើយ​ដែល​នឹង​ចេញពីមាត់ លោក មូន ជែអ៊ីន ក៏មេដឹកនាំកូរ៉េខាងត្បូង​រូបនេះ​​​ហាក់បង្ហាញថា ខ្លួននៅត្រូវការ​ការ​ត្រិះរិះពិចារណា​យ៉ាងដិតដល់បំផុត មុននឹងត្រូវ​ប្រាប់​ទៅ​​កូរ៉េខាងជើង​វិញ នូវចម្លើយថា ទៅ ឬមិនទៅ តាមការអញ្ជើញដ៏មហាកម្របំផុត​ពីមេដឹកនាំ កូរ៉េខាងជើង ដែលកំពុងគ្របដណ្តប់​ដោយទណ្ឌកម្មជុំទិស និងជាសត្រូវធំបំផុត​​របស់​​សហរដ្ឋអាមេរិក នៅតំបន់​អាស៊ីបូព៌ានោះ។

ប្រការហេតុនេះ​វាអាច​មានន័យថា កូរ៉េខាងត្បូង​ត្រូវការ​ការឯកភាព​ពីសហរដ្ឋអាមេរិក​ជាចាំ​បាច់ ក្នុងករណីដែល​ខ្លួនចង់​ទៅបំពេញ​ទស្សនកិច្ច​​ តបតាមការអញ្ជើញ​​របស់កូរ៉េខាងជើង ព្រោះអីសន្តិសុខ​​របស់ទីក្រុង​សេអ៊ូល គឺពឹងផ្អែកស្ទើរ​ទាំងស្រុង​ ទៅលើការ​ការពារពីសំណាក់​ទីក្រុង​វ៉ាស៊ីនតោន។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍​បន្ថែមទៀតនោះ គឺនៅព្រឹក​ថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះតែម្តង យោធាកូរ៉េខាងត្បូង​បែរជាប្រកាសថា នឹងធ្វើសមយុទ្ធយោធា​ជាមួយអាមេរិក នៅក្នុងឆ្នាំ​នេះ​តាមការគ្រោងទុកដដែល ដែល​វាពិតណាស់ថា នឹងបង្កបញ្ហាធំ​ឡើងវិញជាមួយ​កូរ៉េខាងជើង ដោយសារទីក្រុងព្យុងយ៉ាង​បានព្រមាន​ទុកមុន ជាច្រើនដង​រួចមកហើយ កុំឲ្យកូរ៉េខាងត្បូង​ធ្វើសមយុទ្ធយោធា​​ជាមួយអាមេរិក បើសិនជាចង់​ពិភាក្សា​ដោះស្រាយ​បញ្ហា​កូរ៉េទាំងពីរ៕