(អូស្រ្តាលី)៖ ខណៈដែល​យើងទាំងអស់គ្នា​បានដឹងហើយថា កម្ពស់នីវ៉ូទឹកសមុទ្រ​កំពុងតែកើនឡើង ការសិក្សាថ្មី​មួយទៀត​បាន​បង្ហាញថា ពួកវាកំពុងកើនឡើង​ក្នុងកម្រិតកាន់​តែលឿនទៅៗ​ ពីមួយឆ្នាំទៅ​មួយឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ការសិក្សាដ៏សំខាន់មួយ ចេញផ្សាយនាដើមសប្តាហ៍នេះ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Proceedings of the National Academy of Sciences បានបង្ហាញឲ្យឃើញថា កម្ពស់នីវ៉ូទូទាំងសាកលលោក កំពុងតែកើនឡើង ហើយកើនឡើងក្នុងកម្រិតយ៉ាងច្រើន ជារៀង​រាល់ឆ្នាំ ដែលប្រការនេះ​ពិតជាការគំរាមកំហែង​មួយយ៉ាង​ពិតប្រាកដ ចំពោះ​បណ្តាតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅជិតឆ្នេរសមុទ្រ។

គួរជម្រាបថា ការសិក្សា​ខាងលើនេះ ដែលបានកត់ត្រា​ពីការកើនឡើង​ នៃកម្ពស់នីវ៉ូទឹកសមុទ្រ​លើពិភពលោក​នេះ គឺផ្នែកទៅលើ​ទិន្ន​ន័យ​​ស្រាវជ្រាវ​រយៈពេល ២៥ឆ្នាំ ដោយប្រើប្រាស់​បណ្តាញនៃផ្កាយរណប​ចំនួន ០៤គ្រឿង ដែលឃ្លាំមើល​ផែនដី។ យោងតាម​ការ​រក​ឃើញ​ដដែល ប្រសិន​បើ​កម្រិត​កើនឡើង​នាពេលបច្ចុប្បន្ន​ នៅតែបន្ត​រហូតដល់ឆ្នាំ២១០០ កម្ពស់នីវ៉ូទឹកសមុទ្រ​​ទូទាំងសាកល​​​ ត្រូវបាន​​គេប៉ាន់​ប្រមាណថា នឹងកើនប្រមាណ ៦៦សង់ទីម៉ែត្រ៕