(សេអ៊ូល)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានអះអាងថា យោធារបស់ខ្លួន​នឹងដឹកនាំការធ្វើ​សមយុទ្ធ យោធារួមគ្នាជា​មួយ​សហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ បើទោះជាមាន​ការព្រមានពីកូរ៉េខាងជើង​ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។​

នៅក្នុងរបាយការណ៍​ដាក់ជូន​សភាជាតិ ក្រសួងការពារជាតិ​កូរ៉េខាងត្បូងបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងដឹកនាំ​ការធ្វើ​សមយុទ្ធយោធា​ប្រចាំឆ្នាំ Key Resolve (KR) និង Ulchi Freedom Guardian (UFG) ក្នុងគោល បំណង​អភិវឌ្ឍន៍ប្រតិបត្តិការ 4D Operational Concept ដើម្បី​ចាប់សញ្ញា រារាំង កម្ទេច និងការពារប្រឆាំង​នឹងការគំរាម​កំហែង ដោយមីស៊ីលកូរ៉េខាងជើង។

ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងមួយនេះ​មិនបានបញ្ជាក់​ឱ្យច្បាស់ពី​កាលបរិច្ឆេទនោះទេ ខណៈ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយធំប្រចំា​ឆ្នាំទាំងពីរ ជាធម្មតាត្រូវធ្វើ​ឡើងនៅចុង​ខែកុម្ភៈ និងដើម​ខែមីនា។

គួររំលឹកថា ស្ថានភាពបច្ចុប្បន្ន​នៅលើឧបទ្វីបកូរ៉េ​ មានសភាព​ស្ថប់ស្ងាត់ ក្រោយកូរ៉េខាងជើង​​យល់ព្រមចូលរួម​ ក្នុងព្រឹតិ្តការណ៍កីឡាអូឡាំពិក​រដូវរងារ។ ប៉ុន្តែភាព​ស្ងប់ស្ងាត់ ត្រូវបានអ្នកជំនាញខ្លះ​យល់ថា គ្រាន់តែជារឿង​បណ្ដោះ​អាសន្នតែ​ប៉ុណ្ណោះ ពោលគឺភាពតានតឹង​អាចនឹងផ្ទុះ​ឡើងជាថ្មី បើសិនជាទីក្រុង​សេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន ធ្វើសមយុទ្ធយោធា​រួមគ្នា​ឡើង​វិញ។

ទោះបីជាទំនាក់ទំនង​កូរ៉េទាំងពីរ​បានប្រសើរ​ឡើងវិញបន្តិច តាមរយៈការ​សម្របសម្រួល​រវាង​កូរ៉េទាំងពីរ​នាពេលកន្លង​ទៅនេះមែន ប៉ុន្តែវាមិនមែនជាអ្វី ដែល​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធំៗ​របស់ខ្លួន ចង់បាននោះឡើយ ព្រោះគោលការណ៍​ពិតប្រាកដ​របស់​អន្តរជាតិ គឺការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ ដោយអន្តរជាតិ​ចាត់ទុកកម្មវិធី​អភិវឌ្ឍន៍​គ្រាប់មីស៊ីល-នុយក្លេអ៊ែរ​ទីក្រុង​ព្យុងយ៉ាង​ ថាបាននិងកំពុង​​ប្រឆាំងច្បាប់​អន្តរជាតិយ៉ាង​ធ្ងន់ធ្ងរ៕