(ម៉ិចស៊ីកូស៊ីធី)៖ គ្រោះរញ្ជួយដី​ជាថ្មីកម្រិត ៦.១រ៉ិចទ័រ នៅរដ្ឋ Oaxaca ភាគខាងត្បូង​​ប្រទេស​ម៉ិចស៊ីកូនោះ មិនបង្កឲ្យមនុស្ស​រងគ្រោះ ឬក៏ការខូចបន្ថែម​នោះឡើយ ប៉ុន្តែហ្វូង​មនុស្ស​ម្នា​​​​បានចេញមក​ឈរតាម​ទីវាល និងដងផ្លូវ ដើម្បីសុវត្ថិភាព ខណៈការភ័យខ្លាច​កាន់តែកើនឡើង ព្រោះវាជាគ្រោះរញ្ជួយដី​លើកទីពីរ ក្នុងរយៈពេល ០៣ថ្ងៃមកនេះ។ នេះបើតាម​ការចេញផ្សាយដោយ Telegraph នាល្ងាចថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​ជាថ្មី នៅក្បែរទីតាំងដដែលនេះ បានកើតមានឡើង​នៅចម្ងាយ ៣២គីឡូម៉ែត្រ ពីទីក្រុង​នៃរដ្ឋ Oaxaca ជាមួយនឹ​ងជម្រៅរំញ័រ ៤០គីឡូម៉ែត្រពី​ក្នុងដី កាលពីវេលាម៉ោង ១២៖៥៧នាទី​ រំលងអធ្រាតឈាន​ចូលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ (ម៉ោងនៅអាមេរិក​ខាងជើង) ដែល​ស្ថិតនៅចម្ងាយ ៣២០គីឡូម៉ែត្រ ពីរដ្ឋធានី​ម៉ិចស៊ីកូស៊ីធី។

សម្រាប់កម្រិតរំញ័រលើកនេះ គឺស្រាលជាង​កាលពី​ថ្ងៃសុក្រសប្តាហ៍មុន ដែលមានកម្រិត ៧.២រ៉ិចទ័រ បានបណ្តាល​ឲ្យអគារ-លំនៅឋាន​ជាង ១,០០០ខ្នងរងការ​បំផ្លិចបំផ្លាញ ប៉ុន្តែ​សំណាងល្អ ដែលពុំមានមនុស្ស​រងរបួសធ្ងន់ធ្ងរ និងស្លាប់។

គួរបញ្ជាក់ថា ទោះបីគ្រោះរញ្ជួយដី​​កាលពីសប្តាហ៍មុន មិនបានបណ្តាលឲ្យ​មនុស្សរងគ្រោះ​ថ្នាក់​​ដោយសារវាមែន ប៉ុន្តែឧទ្ធម្ភាគចក្រ​ដឹករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃម៉ិចស៊ីកូ និងអភិបាលរដ្ឋ Oaxaca ដែលចេញទៅពិនិត្យស្ថានការណ៍​ក្រោយរញ្ជួយដីនោះ បានធ្លាក់​នៅ​ក្នុងរដ្ឋនេះ​​តែម្តង បានបណ្តាលឲ្យ​ប្រជាជន​​នៅលើដី ១៣នាក់ស្លាប់ និង ១៥នាក់រងរបួស ប៉ុន្តែមន្ត្រីជាន់ខ្ពស់លើ​ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ មិនបានរងគ្រោះ​ថ្នាក់ឡើយ៕