(អាល្លឺម៉ង់)៖ ដោយកាន់បំណែក​យន្ដហោះដ្រូនអ៊ីរ៉ង់ ដែលយោធា​អ៊ីស្រាអែល បាញ់ទម្លាក់កាល​ពីសប្ដាហ៍មុន នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahou) បានព្រមានជា​សាធារណៈថា​ អ៊ីសា្រអែលនឹង​ធ្វើអន្តោរាគមន៍​យោធា​ប្រឆាំង​នឹងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្ត​របស់ទីក្រុង​តេហេរ៉ង់ នៅក្នុងករណី​ចំាបាច់។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Netanyahou ធ្វើការកត់សម្គាល់​បែបនេះ​កាលពីថ្ងៃអាទិត្យ នៅអំឡុងពេល​ចូលរួមកិច្ចប្រជុំ​ស្ដីពីសន្តិសុខ រៀបចំ​ឡើងក្នុងទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។ ថ្លែងនាឱកាស​នោះដែរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះថែមទាំង​បានចាត់ ទុកដែរថា អ៊ីរ៉ង់គឺជាមេគ្រោះធំ​បំផុតនៅក្នុង​ពិភពលោក។ លោក Netanyahou បន្ថែម​ដូច្នេះថា «យើងនឹងធ្វើ​អន្តរាគមន៍ភ្លាម បើសិនជាចាំ​បាច់ ដើម្បីប្រឆាំង​មិនមែនត្រឹមតែដៃជើង​អ៊ីរ៉ង់ប៉ុណ្ណោះ ប៉ុន្តែ គឺប្រឆាំងនឹង​អ៊ីរ៉ង់ផ្ទាល់តែ​ម្ដង»

គួរបញ្ជាក់ថា ភាពតានតឹង​នៅក្នុងតំបន់​មជ្ឈិមបូព៌ា បានផ្ទុះឡើងជាថ្មី​កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ក្រោយ​យន្ដហោះចម្បាំង F-16 របស់អ៊ីស្រាអែល​មួយគ្រឿង នៅក្នុងប្រតិបត្តិការ​មួយត្រូវបានបាញ់​ប្រហារ ដោយមីស៊ីល​ប្រឆាំង​យន្ដហោះ ពីសំណាក់​យោធាស៊ីរី មុននឹងយន្ដហោះនេះ​ធ្លាក់នៅលើទឹកដី​អ៊ីស្រាអែល។ ប៉ុន្តែពីឡុត​ពីរនាក់ បានលោត​ចុះពីលើ យន្ដហោះ និងត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ហើយនេះអាច​ចាត់ទុកបាន​ថា ជាការបាត់បង់​យន្ដហោះ​ចម្បាំងជាលើក ដំបូងបំផុត​ចាប់តាំងពីអ៊ីស្រាអែល​លូកដៃ​ក្នុងសង្រ្គាម​នៅស៊ីរី៕