(វ៉ាស៊ីនតោន)៖ គោលនយោបាយ​នុយក្លេអ៊ែរថ្មី​របស់សហរដ្ឋអាមេរិក ដែលបានចេញ​ផ្សាយកាលពី​ដើមខែកុម្ភៈនេះ នឹងធ្វើឱ្យ​ទីក្រុង​វ៉ាស៊ីនតោន បាត់បង់ទម្ងន់​ភូមិសាស្ត្រនយោបាយ​សកលលោក និងលែងក្លាយ​ជាកំពូល​មហាអំណាច ពិភពលោក​តទៅទៀត។ នេះបើតាម​អ្នកអង្កេត​នយោបាយ លោក រ៉ូស្ទីស្លេវ អ៊ីសជិនកូ (Rostislav Ishchenko) ដកស្រង់​ដោយ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Ishchenko ធ្វើការសម្គាល់​បែបនេះ​ មិនមែនគ្មានហេតុផល​នោះទេ។ លោក បានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែ​ចាត់ទុកថា រុស្ស៊ីកំពុងបង្កើន​ឥទ្ធិពល​យោធា ក៏ដូចជាធ្វើ​ទំនើបកម្ម​អាវុធ​ ហើយរឿងបែបនេះ​ក៏កើតឡើងដូចគ្នា​លើចិន ផងដែរ ពោលគឺសហរដ្ឋអាមេរិក​ជារឿយៗ បានចោទប្រកាន់​ទីក្រុងម៉ូស្គូ និងទីក្រុង​ប៉េកាំង ថាជាការគំរាមកំហែង​ដ៏ធំ សម្រាប់​សហរដ្ឋអាមេរិក និងសណ្ដាប់ធ្នាប់​អន្តរជាតិ។

ប៉ុន្តែផ្ទុយទៅវិញ តាមរយៈគោលនយោបាយ​នុយក្លេអ៊ែរថ្មី វាបានបង្ហាញថា ​សហរដ្ឋអាមេរិកខ្លួនឯង​ទៅវិញទេ ដែលកំពុងបង្កើន​ឥទ្ធិពលយោធា ខណៈប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានស្នើមួយ​លើកជាពីរលើក​ ឱ្យមានការបង្កើន​ឃ្លាំងអាវុធនុយក្លេអ៊ែរ​ឡើងវិញ ដើម្បីទប់ទល់​នឹងគូប្រជែង ដណ្ដើមឥទ្ធិពលអាមេរិក​ទំាងពីរនោះ​គឺចិន និងរុស្ស៊ី។ លោកបន្ថែមថា សហរដ្ឋអាមេរិក​អាចនឹងបាត់បង់​ទំនុកចិត្តពី បណ្ដាប្រទេស​ជាសម្ព័ន្ធមិត្ត បើសិនជាអូសទាញ​ប្រទេសទាំងនោះ​ ឱ្យប្រឈមមុខ​នឹងរុស្ស៊ី និងចិននៅថ្ងៃណាមួយ​ ដើម្បី រក្សាឥទ្ធិពល​របស់ខ្លួន។

គួរបញ្ជាក់ថា អង្គការណាតូ​ក្រោមការដឹកនាំរបស់​សហរដ្ឋអាមេរិក បានដាក់ពង្រាយ និងបញ្ជូន​បរិក្ខាយោធា ជាពិសេសគឺ ប្រព័ន្ធខែលការពារមីស៊ីល​​ កាន់តែ​ច្រើនឡើងទៅ​កាន់​បណ្ដាប្រទេស​អឺរ៉ុប​ខាងកើត ជាប់របង​ជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះ ក្រោមហេតុផល​ការគំរាមកំហែង​ពីសំណាក់កូរ៉េខាងជើង ក៏ធ្លាប់បានបញ្ជូន​យន្ដហោះចម្បាំង និងនាវាផ្ទុក​យន្ដហោះ ចម្បាំងជាច្រើនគ្រឿង​មកកាន់ឧបទ្វីប​កូរ៉េផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់​អ្នកជំនាញ ដូចជាលោក Rostislav Ishchenko ការធ្វើបែបនេះ​របស់ទីក្រុង​វ៉ាស៊ីនតោន គឺមានគោលដៅ​ឡោមព័ទ្ធ និងកំញើញរុស្ស៊ី រួមទាំងចិន​កុំឱ្យធ្វើអ្វី​តាមអំពើ​ចិត្ត៕