(ម៉ិចស៊ីកូស៊ីធី)៖ ឧទ្ធម្ភាគចក្រ​មួយគ្រឿង ដឹករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ម៉ិចស៊ីកូ និងអភិបាល​រដ្ឋ Oaxaca បានធ្លាក់​នៅយប់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក​ខាងជើង) បានធ្លាក់ បណ្តាលឲ្យ​មនុស្ស​ចំនួនពីរនាក់​បាត់បង់ជីវិត។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមការបញ្ជាក់​ពីមន្ត្រីនៅកន្លែង​កើតហេតុ ដែលស្ថិត​នៅតំបន់ Pinotepa ទីក្រុងជាប់​ឆ្នេរសមុទ្រ ដែលមាន​ចម្ងាយ ១១គីឡូម៉ែត្រ​ ពីចំណុចញ័រ​រញ្ជួយដី ៧.២រ៉ិចទ័រ​នោះបានឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​ទាំងពីររូប គឺរដ្ឋមន្ត្រី​មហាផ្ទៃ លោក Alfonso Navarrete និង អភិបាលរដ្ឋ Oaxaca លោក Alejandro Murat អាចរួចរស់ជីវិត ដោយអ្នក​ស្លាប់​ទាំងពីររូប គឺជាប្រជាជន​នៅលើដីតែម្តង។

ក្រោយ​ការធ្លាក់នោះ លោករដ្ឋមន្ត្រី​បានបង្ហោះនៅក្នុង​បណ្តាញ twitter របស់​លោកថា «ពិតជារឿងអកុសល្យណាស់ ដែលមនុស្សពីរ​នាក់​នៅលើដី បានបាត់បង់​ជីវិតរបស់ពួកគេ» នៅក្នុងករណីធ្លាក់​ឧទ្ធម្ភាគចក្រ​របស់លោក។ គួរបញ្ជាក់ថា មន្ត្រីជាន់​ទាំងពីរ​រូប បានធ្វើ​ដំណើរទៅកាន់​តំបន់រងគ្រោះ ដើម្បីពិនិត្យ​មើលការខូចខាតនានា ក្រោយគ្រោះរញ្ជួយ​ដ៏កក្រើក នៅតំបន់ភាគ​ខាងត្បូង​ប្រទេស៕