(អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួង​ការបរទេសតួកគី លោក Mevlut Cavusoglu បានលើក​ឡើង​នៅថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋាភិបាលតួកគី និងសហរដ្ឋអាមេរិក បាន​ព្រមព្រៀងគ្នា ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់ពួកគេ វិលរកភាពធម្មតាឡើងវិញ បន្ទាប់ពីប៉ុន្មាន​សប្តាហ៍កន្លង​ទៅនេះ ភាពតានតឹងបានកើនឡើង ដោយសារតែ​ប្រតិបត្តិការយោធាតួកគី នៅក្នុងប្រទេស​ស៊ីរី, នេះបើយោង​​តាមសារព័ត៌មាន​ ស៊ីនហួរ នៅព្រឹកថ្ងសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

​លើកឡើងនៅ​ក្នុងសន្និសីទ​សារព័ត៌មានរួមគ្នា ជាមួយនឹងរដ្ឋមន្ត្រី​ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Rex Tillerson ដែលកំពុង​បំពេញ​ដំណើរទស្សនៈកិច្ច​នៅតួកគី លោក Cavusoglu បានលើក​ឡើងថា ភាគីទាំងពីរ នឹងបង្កើត​យន្តការ ដើម្បីដោះស្រាយ​នូវបញ្ហា ដែលបានធ្វើឲ្យ​មានភាពតានតឹង ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ។ មន្ត្រីកំពូល​ផ្នែកការទូត របស់តួកគី​រូបនេះ បានបន្ថែមថា ភាគីទាំងពីរ នឹងធ្វើនូវកិច្ចប្រជុំ​មួយទៀត នៅពាក់កណ្តាល​ខែមីនាខាងមុខ ដោយវាគឺជា​ផ្នែកមួយ​នៃយន្តការ។

សម្រាប់លោក Tillerson បានបញ្ជាក់​ឡើងវិញ នូវទំនាក់ទំនង​ដ៏ជ្រាលជ្រៅ និងសារៈសំខាន់ រវាងសហរដ្ឋអាមេរិក និងតួកគី។ លោកឲ្យដឹងថា សហរដ្ឋអាមេរិក និងតួកគី នឹងធ្វើ​ការរួមគ្នា នៅក្នុងប្រទេសស៊ីរី ជាទីកន្លែង​ដែលតួកគី បានធ្វើប្រតិបត្តិការ​យោធាឆ្លងព្រំដែន ដើម្បីប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមឧទ្ទាម​។ លោកបន្ថែមថា ប្រទេសទាំងពីរ បានចែក​រំលែកគ្នា នូវគោលដៅ​តែមួយ នៅក្នុងប្រទេសស៊ីរី ដោយបានប្តេជ្ញា​ប្រយុទ្ធប្រឆាំងនឹង ក្រុមភេរវករ IS និងក្រុមភេរវករ​ដទៃផ្សេង​ទៀតរួមគ្នា។

គួររំឮកថា ទំនាក់ទំនង​សហរដ្ឋអាមេរិក និងតួកគី បានរងភាពតានតឹង ដោយព្រឹត្តិការណ៍​ជាបន្តបន្ទាប់ ចាប់តាំងពីមានរដ្ឋប្រហារ​បរាជ័យ នៅក្នុងប្រទេស​តួកគី ដើម្បីផ្តួលរលំ លោក​ប្រធានាធិបតី Recep Tayyip Erdogan នៅក្នុង​ឆ្នាំ២០១៦។

សហរដ្ឋអាមេរិក ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ស្តីពីប្រតិបត្តិការ​យោធាតួកគី ដែលបានធ្វើឡើង​នៅថ្ងៃទី២០ ខែមករា ក្នុងប្រទេសស៊ីរី ដើម្បីបណ្តេញ​ក្រុមឧទ្ទាម YPG Kurdish ដែលតួកគីហៅថា ជាក្រុមភេរវករ ប៉ុន្តែមានការ​ស្វាគមន៍ ដោយ​សហរដ្ឋអាមេរិក ថាជាកងកម្លាំងសម្ព័ន្ធមួយ​របស់ខ្លួន នៅក្នុងប្រយុទ្ធប្រឆាំងនឹង​ក្រុមភេរវករ ISIS៕