(ម៉ិចស៊ីកូស៊ីធី)៖ រំញ័រដីដែល​មានកម្រិត ៥.៨រ៉ិចទ័រ បានកើតមានឡើង​នៅរយៈពេល ១ម៉ោង ក្រោយពីគ្រោះ​រញ្ជួយដី ដ៏កក្រើក ៧.៥រ៉ិចទ័រ (ទីភ្នាក់​ងារ USGS អាមេរិក ទម្លាក់មក​នៅ​ត្រឹម ៧.២រ៉ិចទ័រ) បានវាយប្រហារ​ភាគខាងត្បូង ប្រទេស​ម៉ិចស៊ីកូ និងនាំឲ្យរដ្ឋធានីម៉ិចស៊ីកូស៊ីធី​ទាំងមូល​ រងគ្រោះដោយរំញ័រនេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

រហូតមកទល់នឹង​ពេលនេះ ទំហំនៃការខូចខាត ឬក៏ចំនួនមនុស្ស​រងគ្រោះ នៅមិនទាន់មាន​ការបញ្ជាក់​នោះឡើយ ប៉ុន្តែអាជ្ញាធរ​ម៉ិចស៊ីកូ​បានអះអាងថា ខ្លួនកំពុងតែ​ធ្វើការត្រួត​ពិនិត្យ ចំពោះផលប៉ះពាល់​នានា ដែលអាច​កើតមានឡើង។

ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដី​កម្រិតធ្ងន់​ខាងលើនេះ បានកើតមាន​ឡើងនៅចំណុចមួយ ដែលស្ថិតនៅ​ចម្ងាយ ៤គីឡូម៉ែត្រ ពី​តំបន់ Pinotepa de Don Luiss នៃភាគ​ខាងត្បូង​ប្រទេស ដែលមាន​ជម្រៅ​ញ័ររញ្ជួយ​ប្រមាណជា ១០គីឡូម៉ែត្រ​ពីក្នុងដី។

គួរបញ្ជាក់ថា នៅអំឡុង​នៃ​គ្រោះរញ្ជួយដី​នេះ កណ្តឹងប្រកាស​អាសន្នត្រូវបានបន្លឺឡើង​ ពាសពេញ​​​រដ្ឋធានីម៉ិចស៊ីកូ ទើបបង្ខំឲ្យប្រជាជន​នៅតាមអគារ​តូចធំ ចេញមកឈរ​នៅទីវាល និងតាម​ដងផ្លូវ ដើម្បី​សុវត្ថិភាព។ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំមុន និងកាលពីរយៈពេល ១៩ឆ្នាំមុននោះ គ្រោះ​រញ្ជួយដី ៨.២រ៉ិចទ័រ និង ៧.១រ៉ិចទ័រ បានវាយប្រហារ​ម៉ិចស៊ីកូ រួមទាំង​រដ្ឋធានី នៃប្រទេសអាមេរិកខាងជើង​មួយនេះ​​ផងដែរ បានផ្តាច់ជី​វិតមនុស្ស​សរុប ៤៧១នាក់ និង​បំផ្លាញ​លំនៅឋាន ១៨០,០០០ខ្នង​​ឯណោះ ក្នុងរដ្ឋ​ចំនួន ៨៕