(អាមេរិក)៖ វារឿងដ៏ល្អ និងសាកសម​មួយ ដែលអង្គការ NASA គ្រោងធ្វើការ​បញ្ជូន​បំនែកនៃដុំថ្ម​ភពអង្គារ ដែលបានខ្ទាត​មកធ្លាក់លើភព​ផែនដី កាលពីរាប់ពាន់​លាន​ឆ្នាំមុន​នោះ ត្រឡប់ទៅកាន់​ប្រភពដើមវិញ នោះគឺភពព្រះអង្គារ​ផ្ទាល់តែម្តង ដោយប្រើប្រាស់​​យាន​រុករកមួយ​គ្រឿង ដែល NASA គ្រោងបាញ់​បង្ហោះ នៅអំឡុង​ទសវត្សរ៍ឆ្នាំ​២០២០។ នេះ​បើតាម​ការដកស្រង់​ការផ្សាយពី Space.com នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

បំណែកភពអង្គារ​ដែលត្រូវបាន​ឲ្យឈ្មោះថា SaU008 ត្រូវបានរកឃើញ​នៅក្នុង​ប្រទេស​អូម៉ង់ នៃតំបន់អាហ្វ្រិក​ខាងកើត កាលពីឆ្នាំ១៩៩៩ ដែលក្រោយមកត្រូវបានគេពិនិត្យ​ឃើញ និងជឿជាក់ថា វាមានប្រភពមកពីភពអង្គារ។ អ្នកវិទ្យាសាស្ត្រ នៃមន្ទីរពិសោធន៍ JPL របស់ NASA បានអះអាងថា ភពអង្គារប្រហែលជាត្រូវបានវត្ថុអវកាសធំមួយ (អាចជាអាចម៍​ផ្កាយ) ប៉ះទង្គិចពេញមួយទំហឹង កាលពីរាប់ពាន់លានឆ្នាំមុន ធ្វើឲ្យបំណែករបស់ភព​ក្រហម​នោះ អណ្តែតពាសពេញប្រព័ន្ធព្រះអាទិត្យ និងបានធ្លាក់មកលើផែនដីផងដែរ។

ប្រការហេតុខាង​លើនេះ ក៏ជាកត្តាចម្បង​មួយ ដែលនាំឲ្យអ្នក​វិទ្យាសាស្ត្រអាចសន្និដ្ឋាន បានថែមមួយ​កម្រិតទៀតថា ភពអង្គារ​ទំនងអាចបាន​បាត់បង់​បរិយាកាស និងទឹកដែល​អាចទ្រទ្រង់​ជីវិត នៅអំឡុងនៃការ​ប៉ះទង្គិចនោះ ប៉ុន្តែវាត្រូវការ​សិក្សាបន្ថែមទៀត ទើបអាច​បានដឹងពីភាព​ជាក់ច្បាស់។ ដូច្នេះមាន​តែរង់ចាំយានថ្មី​របស់ NASA នៅ​ឆ្នាំ២០២០ តែប៉ុណ្ណោះ​ទើបចម្ងល់នានា ត្រូវបានលាតត្រដាង។

សម្រាប់យានរុករក Mars 2020 Rover នឹងត្រូវបាញ់បង្ហោះតែពីរឆ្នាំខាងមុខទៀតនេះ នឹងធ្វើការសិក្សាបន្ថែម អំពីអតីតកាលរបស់ភពអង្គការ ដើម្បីឲ្យបានដឹងច្បាស់ថា តើវា​ពិតមែនដែរ ឬទេថា ភពអង្គារធ្លាប់មានបរិយាកាសក្រាស់ ទឹកហូរពាសពេញផ្ទៃភព និងសូម្បីតែជីវិតក៏ទម្រង់ណាមួយ ក៏អាចថាបានដែរ។

គួរបញ្ជាក់ថា សម្រាប់បំនែក​ភពអង្គារខាងលើនេះ គឺគ្រាន់តែជាផ្នែកមួយ​តូចប៉ុណ្ណោះ ដែលត្រូវផ្ទុកនៅក្នុងយាន Mars 2020 Rover ទៅកាន់ភព​អង្គារវិញ ដែលត្រូវការ​ពេលជិះយាន​យ៉ាងហោច​ណាស់ ៧ខែ ឆ្លងកាត់​ទីអវកាស ទើបទៅ​ដល់ទីនោះ។ យ៉ាង​ណាក៏ដោយ ក្រុមអ្នក​វិទ្យាសាស្ត្រ នៅតែត្រូវការពេល​សិក្សាបន្ថែម ដើម្បីឲ្យ​បានដឹងថា SaU008 ពិតជាមាន​ប្រភពមកពីភពអង្គារ​យ៉ាង​ប្រាកដ ដោយគេនឹងធ្វើការ​ប្រៀប​ធៀប​វានឹង​ដុំថ្មពិត ដែលមាននៅលើ​ភពអង្គារ​ផ្ទាល់៕