(វ៉ាស៊ីនតោន)៖ អភិបាល​​រដ្ឋផ្លូរីដា លោក Rick Scott នៅថ្ងៃសុក្រ​​សប្តាហ៍នេះ បាន​អំពាវនាវឲ្យ​​នាយកការិយល័យ​​ស៊ើបអង្កេត​​សហព័ន្ធ (FBI) គឺលោក Christopher Wray លាលែងពី​​តំណែងភ្លាមទៅ ព្រោះតែស្ថាប័ន​​កំពូលខាង​ត្រួតពិនិត្យ ពាក់ព័ន្ធ​សន្តិសុខជាតិ​​មួយនេះ មិនអាចតាម​ដាន​​សកម្មភាព​មួយ​ឲ្យបាន​ដិតដល់ ទើបបណ្តោយ​ឲ្យការបាញ់​ប្រហារ​​ កាលពី​ថ្ងៃទី១៤ កុម្ភៈនោះកើត​​ឡើងបាន។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​​​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​​ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Rick Scott បានលើកឡើង​យ៉ាងដូច្នេះថា «ការបរាជ័យរបស់ FBI ក្នុងការចេញប្រតិបត្តិការ​ទប់ទល់នឹងឃាតករូបនោះ គឺជារឿងដែលមិន​អាចទទួលយក​បាននោះឡើយ។ ដូច្នេះនាយក FBI ត្រូវតែលាលែង​ពីតំណែង។ មនុស្សគ្មាន​​កំហុស​ដល់ទៅ ១៧នាក់​ត្រូវស្លាប់ ហើយបានត្រឹមការទទួល​ស្គាល់កំហុស គឺមិនអាចលុបលាង​កំហុសឡើយ។ យើងមាន​តែព្យាយាមលួងលោម​​ក្រុមគ្រួសារ​ជនរងគ្រោះ ដែលកំពុងរងក្តី​ឈឺចាប់​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា ការអំពាវនាវ​របស់អភិបាល​រដ្ឋផ្លូរីដា ខាងលើនេះ បានកើតមាន​ឡើង​បន្ទាប់ពី​ FBI ចេញនូវ​សេចក្តីថ្លែងការណ៍​មួយ ដោយទម្លាយ​ព័ត៌មាន​សម្ងាត់ថា ទីភ្នាក់ងារ​អនុវត្តន៍​ច្បាប់បាន​ទទួលព័ត៌មានមួយ ពាក់ព័ន្ធនឹងឃាតក​ឈ្មោះ Nikolas Cruz អាយុ ១៩ឆ្នាំ តាំងតែពី​ខែមករា មកម្ល៉េះ ប៉ុន្តែខ្លួន​បានធ្វេសប្រហែស​ជុំវិញរឿងនេះ ទើប​បណ្តោយឲ្យ​ជនបង្ក មានឱកាស​ក្នុងការ​បាញ់ប្រហារ​​សម្លាប់មនុស្ស​ យ៉ាងរង្គាល​បែបនេះ៕