(ម៉ិចស៊ីកូស៊ីធី)៖ គ្រោះរញ្ជួយផែនដី​ដ៏កក្រើកបំផុត កម្រិតរហូត​ដល់ ៧.៥រ៉ិចទ័រ បាន​វាយប្រហារភាគខាងត្បូង​ប្រទេសម៉ិចស៊ីកូ នៅល្ងាច​ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក​ខាងជើង) ដែលនាំឲ្យអគារ​ជាច្រើន នៅក្នុងរដ្ឋធានី​ម៉ិចស៊ីកូស៊ីធី ញ័ររញ្ជួយ និងមនុស្សម្នា​រាប់ពាន់​រាប់ម៉ឺននាក់ចេញមកឈរតាម​ដងផ្លូវនានា ដើម្បីសុវត្ថិភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដី​កម្រិតធ្ងន់​ខាងលើនេះ បានកើតមាន​ឡើងនៅចំណុចមួយ ដែលស្ថិតនៅ​ចម្ងាយ ៤គីឡូម៉ែត្រ ពី​តំបន់ Pinotepa de Don Luiss នៃភាគ​ខាងត្បូង​ប្រទេស ដែលមាន​ជម្រៅ​ញ័ររញ្ជួយ​ប្រមាណជា ១០គីឡូម៉ែត្រ​ពីក្នុងដី។

គួរបញ្ជាក់ថា នៅអំឡុង​នៃគ្រោះរញ្ជួយដី​នេះ កណ្តឹងប្រកាស​អាសន្នត្រូវបានបន្លឺឡើង​ ពាសពេញ​​​រដ្ឋធានីម៉ិចស៊ីកូ ទើបបង្ខំឲ្យប្រជាជន​នៅតាមអគារ​តូចធំ ចេញមកឈរ​នៅទីវាល និងតាម​ដងផ្លូវ ដើម្បី​សុវត្ថិភាព។ សម្រាប់​ការខូចខាត ឬក៏ចំនួនមនុស្ស​រងគ្រោះនោះ​ គឺមិនទាន់មាន​ការបញ្ជាក់នោះ​ឡើយ៕