(ប៉ារីស)៖ ប្រធានាធិបតីបារំាង លោក Emmanuel Macron បានសន្យាថាបារាំងនឹងបើកការវាយប្រហារតាមផ្លូវអាកាស នៅស៊ីរី បើសិនជាភស្ដុតាងបញ្ជាក់ថាមានការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិល។ តែព្រមពេលជាមួយគ្នា លោក ក៏បានអះអាងដែរថា ទីភ្នាក់ងារស៊ើបការសំងាត់បារាំងពុំទាន់មានភស្ដុតាងបង្ហាញពីការប្រើប្រាស់អាវុធគីមីនោះទេ។ នេះ បើតាមការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅចំពោះអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Macron បានលើកឡើងដូច្នេះថា៖«ពាក់ព័ន្ធនឹងអាវុធគីមី ខ្ញុំសូម គូសបន្ទាត់ក្រហម ហើយខ្ញុំសូមអះអាងឡើងវិញពីបន្ទាត់ក្រហមមួយនេះ។ ពោលគឺនៅថ្ងៃនេះ ទីភ្នាក់ងាររបស់យើង កងកម្លាំងរបស់យើង មិនទាន់មានភស្ដុតាងបញ្ជាក់ពីការប្រើប្រាស់អាវុធគីមីនៅស៊ីរីនៅឡើយទេ ក៏ប៉ុន្តែបើសិនជាមាន ភស្ដុតាងថាអាវុធគីមីត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិល នោះបារាំងនឹងបើកការវាយប្រហារតាមផ្លូវអាកាសលើ ទីតាំងលាក់អាវុធគីមីទាំងនោះ»។

គួររំលឹកថា កាលពីពេលថ្មីនេះ រដ្ឋមន្ត្រីការបរទេសបារាំង និងក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សស៊ីរីក៏ធ្លាប់ចោទប្រកានដែរថា របបដឹកនាំរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់ឧស្ម័នក្ល័រក្នុងការវាយប្រហារលើមូលដ្ឋានក្រុមឧទ្ទាមស៊ីរី។ ប៉ុន្តែទីក្រុងដាម៉ាស់ បានទាត់ចោលការប្រកាន់នេះ៕