(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស កំពុងព្យាយាម​បញ្ជាក់ពីវត្តមាន និងទាក់ទាញ​ការចាប់អារម្មណ៍​ តាមរយៈគំរោង បញ្ជូននាវា​ចម្បាំង​របស់ខ្លួន​មកកាន់តំបន់សមុទ្រចិនខាងត្បូង​នៅខែក្រោយនេះ។ នេះបើតាម​កាសែតចិន ដកស្រង់ ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៨។

«នាវាចម្បាំង​អង់គ្លេសមួយគ្រឿង នឹងធ្វើដំណើរកាត់​តាមសមុទ្រ​ចិនខាងត្បូង ដើម្បីបញ្ជាក់​សេរីភាពនាវាចរ»។ នេះ​ជាការលើកឡើង​របស់​រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) នៅអំឡុងបំពេញ​ដំណើរ​ទស្សនកិច្ច មក កាន់​ប្រទេសអូស្ត្រាលីកាល​ពីថ្ងៃអង្គារ។

ដោយឡែក ជុំវិញការលើកឡើងនេះដែរ កាសែតចិន Global Times បាន សម្ដែងការ​មិនពេញ​ជាខ្លាំង។ ការសែតមួយនេះ​បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈសកម្មភាព​ប្រឆាំងចិន រដ្ឋមន្ត្រីការ ពារជាតិ​អង់គ្លេសកំពុងព្យាយាម​បញ្ជាក់ពីវត្តមាន និងទាក់ទាញ​ការចាប់អារម្មណ៍... ប៉ុន្តែបើសិន​ជាវាមិនមែនជា​ការបង្ករឿង នាវាចម្បាំងអង់គ្លេស​គួរតែអនុវត្តន៍​អាកប្បកិរិយាធម្មតា នៅពេលឆ្លងកាត់​សមុទ្រចិន​ខាងត្បូង»

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង​តែងតែចោទប្រកាន់​ជារឿយៗចំពោះ​ប្រទេសក្រៅតំបន់ ជាពិសេសគឺ​សហរដ្ឋអាមេរិក និងជប៉ុនថា មានចេតនា​បង្កភាពចលាចល​ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង​ ខណៈចិន និងបណ្ដាប្រទេស​ជិតខាងជា​ភាគីជម្លោះ កំពុងស្វែងរក​ដំណោះស្រាយ​តាមផ្លូវការទូត៕