(សេអ៊ូល)៖ កូរ៉េខាងត្បូង​នៅថ្ងៃពុធនេះ បានអនុម័ត​លើការប្រើប្រាស់​កញ្ចប់ថវិកា​ ជាប់កំណត់ត្រា​ថ្មីមួយគឺជាង ​២.៦៤លានដុល្លារ សម្រាប់ការទទួល​ស្វាគមន៍ក្រុមប្រតិភូ និងអត្តពលិក​កូរ៉េខាងជើង​រាប់រយនាក់ នៅអំឡុងការ​ប្រកួតកីឡា​អូឡាំពិករដូវរងា​នៅឯទីក្រុង ព្យឿងចាង (Pyeongchang)។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង កញ្ចប់ថវិកា​ខាងលើ នឹងត្រូវចំណាយ​លើការស្នាក់នៅ​ និងហូបចុក​​របស់​អត្តពលិក អ្នកសម្ដែង​តៃខ្វាន់ដូ អ្នក​សារព័ត៌មាន និងក្រុមតន្ត្រី​កូរ៉េខាងជើង​មានគ្នាជាង ៤២៤នាក់ ដែលបាន ឬកំពុងបន្ត​ធ្វើទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង។ ប៉ុន្តែនេះមិន​បានរាប់បញ្ចូល​លើការចំណាយ​ ក្នុងការធ្វើ​បដិសណ្ឋារកិច្ច​ប្រតិភូជាន់ខ្ពស់ កូរ៉េខាងជើង រួមមាន​ទំាងប្អូនស្រី​លោក គីម ជុងអ៊ុន កាលពីសប្ដាហ៍​មុនឡើយ។

គួររំលឹកថា ការអនុម័តលើ​កញ្ចប់ថវិកានៅ​ថ្ងៃពុធនេះ បានជាប់​កំណត់ត្រា​ថ្មីមួយ ពោលគឺកាល​ពីឆ្នាំ២០០២ កូរ៉េខាងត្បូង​បានចំណាយ​ប្រាក់ត្រឹមតែ ១.៣៥ពាន់លាវ៉ុន​ (១.២លានដុល្លារ) ប៉ុណ្ណោះ សម្រាប់ទទួល​អត្តពលិក​កូរ៉េខាងជើង ៦៥០នាក់ នៅអំឡុងព្រឹត្តិការណ៍​កីឡាអាស៊ី​ នៅឯទីក្រុងកំពង់ផែ​ប៊ូសាន (Busan)៕