(ប៉េកាំង)៖ នៅមុនថ្ងៃចូលឆ្នាំថ្មី​ប្រពៃណី​ចិនចូលមកដល់ ប្រធានាធិបតី លោក ស៊ី ជិនពីង បាន​ចំណាយ​ពេលចុះ​ទៅសួរ​សុខទុក្ខ ប្រជាជន​ក្រីក្រនានា នៅក្នុងតំបន់ភ្នំ​​នៃភាគពាយ័ព្យ​ប្រទេស ជាពិសេសកន្លែង​ដែលទើប​ទទួលរងគ្រោះ​រញ្ជួយដី។ នាឱកាសនោះដែរ លោក ស៊ី​បានថ្លែងពាក្យ​មួយឃ្លាថា «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន» នៅចំពោះមុខ​ប្រជាជាន​ក្មេងចាស់​ប្រុសស្រីដែល​រស់នៅក្នុង​​តំបន់នោះ។ នេះបើតាមការ​​ដកស្រង់​ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងស្រុក ហ្សានគី នៃខេត្តស៊ីឈាន់ ដែលនៅតែសល់តែ​ប៉ុន្មានថ្ងៃទៀត ត្រូវដល់ពេល​ប្រារព្ធពិធីសែនចូលឆ្នាំថ្មី​ទៅហើយនោះ ប្រជាជនទាំងឡាយ​បានរៀបចំតុបតែង ភូមិឃុំរបស់​ពួកគេដើម្បី​ត្រៀមស្វាគមន៍ឆ្នាំថ្មី ដែលនឹងចាប់ផ្តើម​នៅថ្ងៃសុក្រ ខានស្អែកនេះ​។ ជួនពេល នៃដំណើរមកដល់របស់ លោក ស៊ី ជិនពីង ប្រជាជនទាំងឡាយ​បានប្រមូលផ្តុំគ្នាទទួល ស្វាគមន៍ និងថតរូប​លោក​ប្រកបដោយទឹកមុខ​រំភើបរីករាយ ហើយពួកគេ​ហាក់មាន​អារម្មណ៍ថា ថ្នាក់ដឹកនាំ​កំពូលរូបនេះ​ ពិតជាមាន​ភាពរួសរាយ និងស្និទ្ធស្នាល​ខ្លាំងជាមួយ​ប្រជាជន។

លោក ស៊ី ដែលជាប្រមុខដឹកនាំ​កំពូលចិន បានថ្លែងនាឱកាស​នោះថា «ការងារ​របស់ខ្ញុំ គឺបម្រើ​ប្រជាជន។ ដើម្បីឲ្យប្រជាជន​មានជីវិតរស់​នៅដ៏អស្ចារ្យ នោះហើយគឺជា​គោលការណ៍​ស្នូលដើម​នៃរបបកុម្មុយនិស្ត​របស់យើង»។ បន្ថែមពី​ខាងលើនេះ លោក ស៊ី ក៏បានស្នើឲ្យ​ប្រជាជនក្នុង​តំបន់នោះ រៀនសូត្រពី​ការប្រើប្រាស់ Internet ដើម្បីលក់​ផលិផល​កសិកម្ម​តាមបណ្តាញ​សង្គមនានា ជាការបង្កើនជីវៈភាពរស់នៅ ឲ្យកាន់តែប្រសើរឡើងផងដែរ៕