​(អ៊ីស្រាអែល)៖ ស្ថាប័នប៉ូលិសជាតិ​អ៊ីស្រាអែល​បាន​និយាយថា លោក​នាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គួរតែត្រូវបានចោទ​ប្រកាន់ជាផ្លូរការ​ពីបទពុករលួយ បើទោះជា​លោកធ្លាប់បាន​បដិសេធ​ជាច្រើនដង​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថាប័នប៉ូលិសអ៊ីស្រាអែល ក៏បានបញ្ជាក់ដែរថា ពួកគេមានភស្ដុតាង​គ្រប់គ្រាន់​ ដើម្បីចោទ​ប្រកាន់ លោក​ Netanyahu ពីបទប្រព្រឹត្តអំពើ​ពុករលួយ ក្លែងបន្លំ និងរំលោភលើ​សេចក្ដីទុកចិត្ត ក្នុងសំណុំ​រឿងពីរករណី ដាច់ដោយឡែក​ពីគ្នា។ តែយ៉ាងណា​ក៏ដោយ ថ្លែងនៅតាម​កញ្ចក់ទូរទស្សន៍​អ៊ីស្រាអែល លោក Netanyahu បានអះអាង​ថា ការចោទប្រកាន់​លើរូបលោកគ្មាន​មូលដ្ឋាន ហើយថា​លោកនឹងនៅតែបន្ត​ការងារជា​នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា លោក Netanyahu​ ត្រូវបានគេចោទ​ពីបទពុករលួយចំនួន​ពីរករណី។ ទីមួយលោកត្រូវ​គេចោទថា បានស្នើឱ្យអ្នកបោះពុម្ភ​កាសែតអ៊ីស្រាអែល​ម្នាក់ ឈ្មោះ យេឌីយ៉ូត អាហារ៉ូណូត (Yediot Aharonot) ជួយចុះផ្សាយ​ពីរឿងវិជ្ជមាន​របស់លោក រីឯទីពីរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ​ត្រូវគេចោទថា បានទទួលអំណោយ​ជាង ២៨៣,០០០លានដុល្លារ ពីមហាសេដ្ឋីអ៊ីស្រាអែល លោក អាណុន មីលចាន់ (Arnon Milchan) ជាថ្នូរនឹងការ​ជួយឱ្យលោក Milchan ទទួលបានទិដ្ឋាការ​អាមេរិក​កាលពី​អំឡុង ឆ្នាំ២០០៩ ៕