(ប៉េកាំង)៖ នាពេលថ្មីៗនេះចិនបានបញ្ចប់​ការធ្វើតេស្ត យន្តហោះដ្រូន​​ដើរដោយថាមពល​ព្រះអាទិត្យមួយ​គ្រឿង ដែលមាន​សមត្ថ​ភាព ហោះហើរក្នុង​រយៈ​​កម្ពស់ដ៏ខ្ពស់ បានជាងកន្លះថ្ងៃដោយមិនចាំ​បាច់ចុះចត ហើយវាក៏អាចបាញ់​មីស៊ីល​បានផងដែរ។ នេះបើ​តាម​ការ​ចេញ​​​ផ្សាយ​​ដោយ​​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមសារព័ត៌មាន​ចិន People's Daily យោធាចិនបាន​ធ្វើតេស្តយន្តហោះដ្រូន​ប្រភេទ CH-4 Rainbow រយៈពេល ០៦ថ្ងៃ ដោយ​រួម​មានទាំង​ការបាញ់គ្រាប់ពិត ក្នុងលក្ខខណ្ឌអាកាស​ពិបាកៗផងដែរ។ ក្នុងអំឡុងនៃការ​ធ្វើតេស្ត យន្តហោះដ្រូននេះ អាចហោះហើរ​​​​បាន ១៥ម៉ោង និងនៅ ២០គីឡូម៉ែត្រ ពីលើកម្រិតនីវ៉ូទឹក​សមុទ្រ ខណៈវាត្រូវបាន​រចនាឲ្យមាន​លទ្ធភាពហោះហើរ​ដល់កម្ពស់ ៦៥គីឡូ​ម៉ែត្រ។

គួរជម្រាបថា ដ្រូនរបស់​ចិន CH-4 Rainbow ក៏អាចធ្វើការវាយប្រហារ​ដោយទម្លាក់គ្រាប់បែក​ចង្កោមទម្ងន់ ៥០គីឡូក្រាម និងបាញ់​មីស៊ីលប្រដេញ​ផងដែរ៕