(អាហ្វហ្គានីស្ថាន)៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បានឱ្យដឹងថា ក្រុមសកម្ម​ប្រយុទ្ធ ៤៣នាក់ ត្រូវបាន​សម្លាប់ និងច្រើនជាង ២០នាក់ទៀត​រងរបួស នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស​នៅឯខេត្ត កាន់ដាហារ (Kandahar) ភាគខាងត្បូងប្រទេស​អាហ្វហ្គានីស្ថាន កាលពីយប់​ថ្ងៃចន្ទ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងប្រាប់​ស៊ីនហួរ នៅ​ថ្ងៃអង្គារនេះ ប្រធានប៉ូលិស​ក្នុងខេត្ត Kandahar លោក អាប់ឌុល រ៉ាហ្ស៊ីក (Abdul Raziq) បានបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ព​អាកាស​អាហ្វហ្គានីស្ថាន បានបើក​ការវាយប្រហារ​តាមផ្លូវអាកាស​ លើគោលដៅជាច្រើន​របស់ក្រុម​សកម្មប្រយុទ្ធ តាលីបង់ បន្ទាប់ពីពួកគេ​បានលួចវាយឆ្មក់​ លើប៉ុស្តិ៍ត្រួតពិនិត្យមួយ​កន្លែងក្នុងស្រុក Nesh នៃភាគខាងជើងខេត្ត Kandahar កាលពីយប់ថ្ងៃចន្ទ»

លោក Raziq បន្ថែមថា «យានយន្ដ និងបរិកា្ខយោធា​មួយចំនួនរបស់​ក្រុមតាលីបង់ ក៏ត្រូវបានបំផ្លាញ​ក្នុងការវាយប្រហារតាមផ្លូវ​អាការនេះដែរ»។ ប៉ុន្តែ​ក្រុម​តាលីបង់​មិនបាន​អត្ថាធិប្បាយអ្វីនោះទេ ជុំវិញការ​អះអាងនេះ។

គួរបញ្ជាក់ថា ស្ថានភាពសន្តិសុខ​ក្នុងខេត្ត Kandahar ជាអតីតដែនដី​តាលីបង់ ត្រូវបានកែលម្អ​ឡើងវិញបន្តិច នារយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ ខណៈកងកម្លាំង​រដ្ឋាភិបាល​ទីក្រុងកាប៊ុល បានដឹកនាំ​ប្រតិបត្តិការ​តាមប្រមាញ់ នៅទូទាំងខេត្ត​មួយនេះ៕