(ម៉ានីល)៖ ​ប្រធានាធិបតីមាត់ឆៅ​នៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានរងការ​រិះគន់​​យ៉ាងចាស់ដៃ ក្រោយពីចេញ​​បញ្ជា​ដ៏​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​មួយ​ដល់​កង​​កម្លាំង​ប្រដាប់អាវុធ​របស់លោក ពោលគឺបុរសខ្លាំង​ហ្វីលីពីនរូប បានប្រាប់ឲ្យ​យោធា កុំបាញ់សម្លាប់​ក្រុម​ស្រ្តីជាជនសកម្ម​ប្រយុទ្ធធ្វើអ្វី ដោយគ្រាន់តែដាក់ឲ្យ​ចំប្រដាប់ភេទ​របស់​ពួកគេទៅ​បានហើយ​ ពីព្រោះថា ​បើគ្មានរបស់​ហ្នឹងទេ ពួក​ស្រីៗ​​ទាំង​នោះ​ នឹងគ្មានប្រយោជន៍​អ្វីឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពីសារព័ត៌មាន Aljazeera នៅរសៀល​ថ្ងៃអង្គារ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ២០១៨។

ការធ្វើអត្ថាធិប្បាយ​ខាងលើ​ របស់​ប្រធានាធិបតី​វ័យ ៧២ឆ្នាំរូបនេះ ត្រូវបានធ្វើឡើង នៅអំឡុង​ការថ្លែងសុន្ទរកថាមួយ​កាលពី​​សប្តាហ៍​មុន ហើយលោក ឌូតឺតេ ត្រូវបានរិះគន់​ព្រមទាំង​ថ្កោលទោស​ធ្ងន់ៗ ពីសំណាក់​ក្រុមអង្គការ​សិទ្ធិមនុស្ស។ ដោយរំលឹកពី​សេចក្តីបង្គាប់​មួយ ដែលបានធ្លាប់​បានដាក់ចេញ​ កាលពីនៅកាន់តំណែង​ជាអភិបាល​ក្រុងដាវ៉ៅ (Davao) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយ​ដូច្នេះ​ថា «ប្រាប់ទៅ​កងទ័ពថា មានបញ្ជាថ្មី​ពីលោកអភិបាល... យើងនឹង​មិនសម្លាប់អ្នកទេ (សំដៅលើស្រ្តីជា​ពួកឧទ្ទាម) គឺយើងគ្រាន់តែបាញ់​ឲ្យ​ចំប្រដាប់ភេទ​របស់អ្នក​ប៉ុណ្ណោះ ព្រោះថាប្រសិនបើគ្មាន​របស់ហ្នឹងទេ ពួកអ្នកនឹងគ្មាន​បានការ​អ្វីឡើយ»។

លោក ឌូតឺតេ បានបង្ហាញពីការ​ខឹងសម្បារនេះ ដោយសារតែ​ស្រ្តីមួយចំនួន សុខចិត្តចុះចូល​បម្រើក្រុម New People's Army គឺជា​ក្រុមឧទ្ទាម​កុម្មុយនិស្ត ដែលបានបង្ក​ចលនាបះបោរ​នៅក្នុងប្រទេស​ហ្វីលីពីន តាំងតែពី​ឆ្នាំ១៩៦៩មកម្ល៉េះ ជាជាងធ្វើការ​ចិញ្ចឹមបីបាច់​ថែ​រក្សាកូន។

គួរជម្រាបថា យ៉ាងណាមិញ នេះពុំមែនជាលើក​ទីមួយឡើយ ដែលលោក ឌូតឺតេ បាននិយាយស្តីបែបប្រមាថ​លេងសើច ទៅ​លើ​ស្រ្តី​ភេ​ទ​បែប​នេះ​ ហើយក្រុមអង្គការ​សិទ្ធិមនុស្ស តែងតែបានធ្វើការ​រិះគន់ជានិច្ច៕