(ម៉ូហ្សាំប៊ិក)៖ ប្រទេស​ម៉ូហ្សាំប៊ិក (Mozambique) នាដើម​សប្តាហ៍នេះ បានទទួលលិខិត​អញ្ជើញឲ្យទៅចូលរួម​ ក្នុងកិច្ចប្រជុំ​កំពូល ISA ដែលនឹងប្រារព្ធ​ឡើងនៅរដ្ឋធានី​ញូដេលី នៃប្រទេស​ឥណ្ឌា ដោយសារ​តែកិច្ចប្រឹងប្រែង​របស់ខ្លួន សំដៅបង្កើន​ការ​​ប្រើ​ប្រាស់​​ថាម​ពលនៅក្នុងប្រទេស ទីបំផុតត្រូវបាន​ទទួលស្គាល់ ហើយការចូល​ជាសមាជិកនៃ ISA ត្រូវបានផ្តល់​សច្ចាប័ន។ នេះបើតាមការ​ចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ការអញ្ជើញ​ខាងលើ ត្រូវបានធ្វើឡើងដោយ​​រដ្ឋមន្រ្តីក្រសួងការ​បរទេសឥណ្ឌា លោក វីចាយ គូម៉ារ ស៊ីង (Vijay Kumar Singh) ដែលបានធ្វើ​ដំណើរ​មកបំពេញទស្សនកិច្ច​នៅឯប្រទេសអាហ្រ្វិក​ខាងកើត​មួយនេះ តាំងពី​ថ្ងៃអាទិត្យមក ដើម្បីធ្វើ​​ការវាយ​តម្លៃ​​​​ទៅលើ​កម្រិត នៃកិច្ចសហ​ប្រតិ​បត្តិការ​រវាងប្រទេស​ទាំងពីរ។

យ៉ាងណាមិញ ការប្រើប្រាស់​ថាមពលនៅក្នុង​ម៉ូហ្សាំប៊ិក នៅបន្តមានកម្រិតតិចតួច​ដដែល ទោះបីជាប្រជាជាតិ​នេះ មានទំនប់ទឹកដ៏​​ធំសម្បើមមួយ សម្រាប់ផ្គត់ផ្គង់​ថាមពលអគ្គិសនី​យ៉ាងណាក្តី។ ម៉្យាងវិញទៀត ថាមពលពន្លឺ​ព្រះអាទិត្យ ត្រូវបានប្រើប្រាស់​​ប្រមាណ​តែ ១០ភាគរយ ប៉ុណ្ណោះនៅទូទាំងប្រទេស ដោយភាគច្រើន​គឺក្នុងហេដ្ឋារចនាសម្ព័ន្ធ​សង្គម និងសេដ្ឋកិច្ច រួមមានមជ្ឈមណ្ឌល​សុខភាព​ និងសាលារៀន​ជាដើម។

គួរជម្រាបថា អង្គការ ISA ដែលមានសមាជិក ១២១ប្រទេស ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយ​តម្រូវការផ្នែក​ថាមពល និង​ផ្តល់​ជាវេទិកា​មួយសម្រាប់កិច្ច​សហប្រតិបត្តិការ ស្តីពីការទប់ទល់​ និងដោះស្រាយ​គម្លាតផ្សេងៗទាក់ទង​នឹងបញ្ហាថាមពល​ តាម​រយៈ​វិធី​សា​ស្រ្ត​រួម៕