(អាមេរិក)៖ ទីបំផុតបំណែក​ផ្សំ​របស់កែវយឺត​អវកាស James Webb ត្រូវបានដឹក​ជញ្ជូនមកដល់​​រដ្ឋកាលីហ្វរញ៉ា​ហើយ សម្រាប់ការ​ដំឡើង​​ក្នុងដំណាក់កាល​ចុងក្រោយ ដើម្បីត្រៀមរៀបចំ​លក្ខណៈ សម្រាប់ការបាញ់​បង្ហោះនៅឆ្នាំ​២០១៩ ខាងមុខ ទៅកាន់​ទីអវកាស​។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពី វែបសាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

​បើតាម​សេចក្តីថ្លែងការណ៍​របស់ NASA បន្ទាប់ពីបាន​បញ្ជូនមកដល់​មជ្ឈមណ្ឌល​អវកាស​របស់ ក្រុមហ៊ុន Northrop Grumman ក្នុង​ក្រុង Redondo Beach នៃរដ្ឋកាលីហ្វរញ៉ា​ កាលពីដើម​ខែកុម្ភៈនេះ សមាសធាតុផ្សំ​ទាំងអស់​សម្រាប់កែវយឺត​អវកាស James Webb នឹងត្រូវដាក់​រួមបញ្ចូលគ្នា​នារដូវក្តៅ ពោលគឺប៉ុន្មាន​ខែខាងមុខនេះ ដើម្បីប្រែក្លាយ​វាជាផ្លូវការ​ឲ្យទៅជា «Webb Observatory»។

គួរជម្រាបថា Webb Observatory នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់​ទៀត ឲ្យល្អិតល្អន់​បំផុត ដើម្បីធានាថា​​ត្រៀម​ខ្លួន​រួច​រាល់​ សម្រាប់ការ​បាញ់បង្ហោះ ហើយអនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្រ្តស្វែងរក​សញ្ញា នៃភពដែលទំនងអាចទ្រទ្រង់​ជីវិតបាន នៅជុំវិញផ្កាយ​​ឆ្ងាយៗដទៃទៀត ព្រមទាំងសិក្សា​ទៅលើក្រុមកាឡាក់ស៊ី​ចំណាស់​​នៅក្នុងចក្រវាឡ។

បេសកកម្ម James Webb ឬ JWST គឺជា​អ្នក​ស្នង​តំណែង​បេសកកម្ម នៃ​កែវ​យឺត​អវកាស Hubble ដ៏​ចំណាស់ ដែល​ត្រូវបាន​បង្កើតឡើង កាលពី​ឆ្នាំ១៩៩៦ម្ល៉េះ។ ដោយឡែក​កាលពីពេល​កន្លងទៅ គម្រោង JWST ត្រូវបាន​រៀបចំ​សា​ឡើងវិញ​ជាច្រើន​ដង​មកហើយ ដោយ​រាល់​លើក​កាលបរិច្ឆេទ​កំណត់​នៃ​ការបាញ់​បង្ហោះ ត្រូវបាន​ពន្យា​ពេល​រហូត រួមមាន​ពី​ឆ្នាំ២០១១ ទៅ​ឆ្នាំ២០១៣, ពី​ឆ្នាំ២០១៥ ទៅ​ឆ្នាំ២០១៨, និង​ឥឡូវនេះ​លើក​ទៅដល់​ឆ្នាំ២០១៩។

កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA បានទាមទារ​ឲ្យ​អង្គការ NASA វិភាគ​ទៅលើ​ការត្រៀមខ្លួន​បាញ់​បង្ហោះ របស់​កែវ​យឺត​នេះ នៅ​មួយ​ឆ្នាំមុន​កាលបរិច្ឆេទ​កំណត់ សម្រាប់​ការចាប់ផ្តើម​បេសកកម្ម ហើយ​ការវាយតម្លៃ បាន​បង្ខំ​ឲ្យ​ក្រុមមន្ត្រី​ពាក់ព័ន្ធ ធ្វើការ​ពិចារណា​ផែនការ​ពួកគេ​ឡើងវិញ និង​ទីបំផុត​ក៏បាន​ជំរុញ​ឲ្យ NASA សម្រេច​ពន្យា​ពេល​សម្រាប់​ការបាញ់​បង្ហោះ កែវ​យឺត​អវកាស James Webb (JWST) ជាថ្មី​ម្តងទៀត៕