(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន គួរតែមកបន្តអង្គុយចរចាគ្នាឡើង​វិញ ជុំវិញ​ការរិះរក​វិធានការ​ទប់ស្កាត់​ និងការពារគ្រាប់មីស៊ីល ក្រោយពី​ខានបាន​ជួប​សន្ទនាគ្នា​អស់រយៈពេល​ជាយូរណាស់​មកហើយ អំពីរឿងដ៏សំខាន់នេះ ជាមួយ​រវាងមហាអំណាចយោធា កំពូលៗលើលោកទាំងពីរ។ នេះបើតាម​ការ​ចេញ​ផ្សាយ​​ដោយ​ ទីភ្នាក់​ងារ​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមសារព័ត៌មាន​ដ៏ល្បីមួយរបស់​រុស្ស៊ី Izvestia អនុរដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ូបកូវ (Sergey Ryobkov) បានថ្លែងក្នុង​បទសម្ភាសន៍​មួយថា «ខ្ញុំសូមធ្វើការ​សង្កត់ធ្ងន់​ជាខ្លាំង ចំពោះភាពកាន់តែ​ស្មុគស្មាញ នៃ​បញ្ហាការពារ​មីស៊ីល ហើយសូមឲ្យ​ខ្ញុំរំលឹក​ដល់អ្នកថា​ ​ទំនាក់​ទំនង​​ដែល​មិន​អាច​បំផ្លិចបំផ្លាញ​បាន រវាងអាវុធ​វាយប្រហារជា​យុទ្ធសាស្រ្ត និងការពារខ្លួន​ពីមីស៊ីល ត្រូវបានកត់​សម្គាល់ទុកនៅក្នុង​សេចក្តីផ្តើម​នៃសន្ធិសញ្ញាសព្វ​ថ្ងៃនេះ ដែលហៅកាត់ថា START ស្តីពីការកាត់បន្ថយ​ការប្រើប្រាស់សព្វាវុធ​ វាយប្រហារជា​យុទ្ធសាស្រ្ត»។

លោក Ryobkov បានបន្ថែម​ថា អស់រយៈពេលជាយូរណាស់​មកហើយ ពុំមានកិច្ចសន្ទនា​ជាក់លាក់ និងច្បាស់ការ​ណាមួយ ត្រូវបាន​ធ្វើឡើងនោះ​ឡើយ ជាមួយនឹង​សហរដ្ឋអាមេរិក ខណៈឥឡូវ​វាដល់ពេល​ហើយ ដែលកិច្ច​ពិភាក្សាគ្នា ត្រូវបានចាប់​ផ្តើមឡើង​​វិញ។​

គួររំលឹកថា ដោយចូលជា​ធរមានកាល​ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១ កិច្ច​ព្រមព្រៀង START ថ្មី តម្រូវឲ្យ​សហរដ្ឋអាមេរិក និងរុស្ស៊ី​ កាត់បន្ថយ​ចំនួននៃការប្រើប្រាស់​អាវុធ​វាយប្រហារជា​យុទ្ធសាស្រ្ត ពោលគឺមីស៊ីល​ផ្លោងជាដើម ដោយវាត្រូវគេរំពឹងថា​នឹងមាន​សុពលភាព​ដល់ឆ្នាំ២០២១ ជាមួយនិង​លទ្ធភាពដែលថា​ វាអាចបន្ថែម ០៥ឆ្នាំ ពីលើថែមទៀត៕