(ឌូបៃ)៖ ទីភ្នាក់ងារសន្តិសុខអ៊ីរ៉ាក់ បានបង្ហើបឱ្យដឹងថានៅក្នុងបញ្ជីឈ្មោះមនុស្សទាំង៦០នាក់ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ខ្លួន​កំពុង​តាម​ស្វែងរក ក៏មានកូនស្រីច្បងរបស់អតីតមេដឹកនាំអ៊ីរ៉ាក់ Saddam Hussein គឺនាង Raghad ផងដែរ។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ចិន ​ស៊ីន​ហួរ នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរអ៊ីរ៉ាក់ មនុស្សទាំង៦០នាក់ខាងលើ ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុម ISIS, ក្រុមអាល់កៃដា និង​គណបក្ស al-Baath។ ដោយឡែកជុំវិញបញ្ជីឈ្មោះនេះដែរ ស្ថានីយទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya ក៏បានអះអាង ដែរថានាង Raghad បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា នឹងប្រឈមមុខចំពោះអ្នកដែលប្រមាថរូបនាងតាម រយៈការប្ដឹងបកទៅវិញ។

គួរបញ្ជាក់ថា នាង Raghad បានចាកចេញទៅរស់នៅប្រទេសហ្សកដានី ជាមួយប្អូនស្រីឈ្មោះ Rana និងកូនៗរបស់អ្នកទំាង ពីរកាលពីខែកក្កដា ឆ្នាំ២០០៣ ហើយនៅឆ្នាំ២០០៦ នាងត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ ជនត្រូវតាមរករបស់រដ្ឋាភិបាល អ៊ីរ៉ាក់បច្ចុប្បន្នសម្រាប់ការគាំទ្រអំពើហិង្សា។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលហ្សកដានី បានបដិសេធសំណើបញ្ជូនអ្នកទំាងពីរ ទៅអ៊ីរ៉ាក់វិញជាច្រើនដង ដោយអះអាងការធ្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីបដិសណ្ឋារកិច្ចរបស់អារ៉ាប់៕