(តូក្យូ)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង​របស់កងកម្លាំងស្វ័យការពារ (SDF) នៃប្រទេស​ជប៉ុន បានធ្លាក់នៅក្បែរ​សាលាបឋមសិក្សា​មួយកន្លែង ​នៅ​ខេត្ត​សាហ្គា (Saga) ភាគពាយ័ព្យ​នៃកោះគ្យូស៊ុ (Kyushu) ប្រទេសជប៉ុន។ នេះបើតាម​សេចក្តីរាយការណ៍ ​ព័ត៌មាន​ក្នុងស្រុក​របស់ជប៉ុន​ផ្ទាល់ ដក​ស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃ​ចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាម​ប្រព័ន្ធផ្សព្វ​ផ្សាយជប៉ុន NHK ស្នងការ​ប៉ូលិសខេត្ត Saga បានទទួល​ព័ត៌មានថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង បានធ្លាក់នៅក្បែរ​​សាលាបឋមសិក្សា ឈីយ៉ូដា ឈូប៊ុ (Chiyoda Chubu) ដែលស្ថិត​ក្នុងទីក្រុង កាន់ហ្សាគីស៊ិ (Kanzaki-shi) លើកោះ Kyushu កាល​ពីវេលាម៉ោង ៤៖៤៥នាទី​ល្ងាចថ្ងៃពុធនេះ (ពេលវេលានៅ​ប្រទេសជប៉ុន)។

គួរជម្រាបថា បើតាមអាជ្ញាធរ​ក្នុងតំបន់​កើតហេតុ ហេតុការណ៍ធ្លាក់​ឧទ្ធម្ភាគចក្រ​ខាងលើ បានបណ្តាលឲ្យ​អគារមួយខ្នង​ឆាបឆេះ​ នៅក្បែរ​សាលារៀន និងសាលាមត្តេយ្យមួយកន្លែង ក្នុងទីក្រុង​កាន់ហ្សាគីស៊ិ។ ជាមួយគ្នានេះ សាក្សីនៅឯសាលា​មត្តេយ្យ​បាន​ឲ្យ​ខ្លួនបានលឺសំលេង​លាន់ឡើង​ដូចរន្ទះ ប៉ុន្តែបាន​បញ្ជាក់ថា ពុំមាននរណាម្នាក់​នៅក្នុង​សាលានោះ រងរបួស​ឡើយ។

ម៉្យាងវិញទៀត ក្រុមភ្នាក់ងារ​ជួយសង្រ្គោះ ត្រូវបានបញ្ជូន​ទៅកាន់កន្លែង​កើតហេតុ ដែលមានផ្សែងខ្មៅខ្មួលខ្មាញ់​ ហុយឡើងផ្ទៃ​​អាកាស​ហើយ ខណៈគេពុំទាន់​ដឹងថា ឧទ្ធម្ភាគច្រនោះ​មានផ្ទុកមនុស្ស​ប៉ុន្មាននាក់ ហើយមានអ្នក​បាត់បង់ជីវិត និងរួចរស់ជីវិត​​ដែរ ​ឬក៏អត់ឡើយ៕