(ហាណូយ)៖ អតីតប្រធាន​ក្រុមប្រឹក្សា​នាយក​ក្រុមហ៊ុនរដ្ឋ PetroVietnam Construction Corporation (PVC) លោក ទ្រិញ ហ្សួនថាញ់ (Trinh Xuan Thanh) ត្រូវបានតុលាការ​វៀតណាមកាត់​ទោសជា​លើកទី ២ ឱ្យជាប់ពន្ធនាគារអស់​មួយជីវិត​​ ពីបទមានចេតនា​កឹបកេងទ្រព្យសម្បត្តិ​​ក្រុមហ៊ុនរដ្ឋ PetroVietnam Power Land Company (PVP Land)។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសវនាការ​នៅថ្ងៃចន្ទនេះ តុលាការប្រជាជន​ទីក្រុងហាណូយ ក៏បានផ្ដន្ទាទោស​ ជនជាប់ចោទ​ពីបទពុករលួយក្នុង​សំណុំរឿង ក្រុមហ៊ុនប្រេងរដ្ឋ PVP Land ចំនួន ០៧នាក់ ផ្សេងទៀតឱ្យជាប់ពន្ធនាគារ​ពី០៦ឆ្នាំ ដល់១៦ឆ្នាំ ផងដែរ។ ក្នុងចំណោមជនជាប់ទាំងនេះ រួមមាន លោក ឌិញ ម៉ាញ់ថាង (Dinh Manh Thang) ជាអតីតប្រធាន​ក្រុមប្រឹក្សា​នាយកក្រុមហ៊ុនប្រេង សុងដា (S​ong Da Oil, Gas Investmen Commerce Company), ព្រមទាំង​ប្អូនប្រុស​ នៃអតីតសមាជិកការិយាល័យ​នយោបាយ ​បក្សកុម្មុយនីស្ដ​វៀតណាម លោក ឌិញ ឡាថាង (Dinh La Thang) គឺលោក ឌិញ ម៉ាញ់ថាង (Dinh Manh Thang) ដែលត្រូវជាប់ពន្ធនាគារ ០៩ឆ្នាំ។

បន្ថែមពីលើនេះ បើតាមសាល​ក្រុមតុលាការ លោក ទ្រិញ ហ្សួនថាញ់ (Trinh Xuan Thanh) មានអាយុ ៥២ឆ្នាំ គឺជាអ្នក​ទទួលខុសត្រូវ​ដ៏សំខាន់ ចំពោះការ​សម្រេចចិត្តផ្ទេរ​ភាគហ៊ុនជាង ១២លានហ៊ុន នៃក្រុមហ៊ុន PVP Land ដោយលក់វា​ក្នុងតម្លៃទាប​ជាងទីផ្សារធម្មតា ក៏ដូចជាកឹបកេងប្រាក់ជាង ១៤ពាន់លានដុង (៦១៩,០០០ដុល្លារ)។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែមករា តុលាការទីក្រុង​ហាណូយ ក៏បានចេញសាលក្រម​កាត់ទោស លោក Trinh Xuan Thanh ឱ្យជាប់​ពន្ធនាគារ​អស់មួយជីវិត​ផងដែរ ពីបទចោទមាន​ចេតនា​រំលោភ​លើច្បាប់រដ្ឋ​ ស្ដីពី​ការគ្រប់គ្រង​សេដ្ឋកិច្ច​បង្កឱ្យមាន​ការខាត​បង់​ធ្ងន់ធ្ងរ និងបទកឹប​កេងទ្រព្យសម្បត្តិ​​ក្រុមហ៊ុន​រដ្ឋ PetroVietnam។ ចំណែកឯ សមាជិកការិយាល័យ​នយោបាយ​បក្សកុម្មុយ​នីស្ដ​វៀតណាម លោក Dinh La Thang ត្រូវបានតុលាការ​​កាត់ទោសឱ្យជាប់​​ពន្ធនាគារ ១៣ឆ្នាំ ពីបទចោទ​ពុករលួយដូចគ្នា៕