(អាហ្វហ្គានីស្ថាន)៖ យោធាអាហ្វហ្គានីស្ថាន​បានឱ្យដឹងថា ក្រុមសកម្ម​ប្រយុទ្ធ ៣៤នាក់ ក្នុងនោះ ៣១នាក់ ជាក្រុមអ្នក​ប្រយុទ្ធ នៃបណ្តាញភេរវករ ISIS ត្រូវបានសម្លាប់​នៅក្នុងការប៉ះ​ទង្គិចគ្នា នៅឯខេត្ត​ណាងហ្គាហារ (Nangarhar) ស្ថិតភាគខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម​យោធា​អាហ្វហ្គានីស្ថាន ក្រុមសកម្ម​ប្រយុទ្ធ ISIS​ ចំនួន ២៥នាក់ បានស្លាប់​នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស​ជាច្រើន លើ​តំបន់ ម៉ាហ៍ម៉ាន់ ដារ៉ា (Mahmand Dara) នៃស្រុក អាជីន (Achin) ក្នុង​រយៈពេល ២៤ម៉ោង ចុង​ក្រោយ​នេះ។ បន្ថែមពី​លើនេះ ក្រុម​សកម្មយុទ្ធ ISIS ០៦នាក់ និង​ក្រុមតាលីបង់ ០៣នាក់ ក៏បានបាត់បង់​ជីវិតផងដែរ ខណៈអ្នកប្រយុទ្ធ ១០នាក់ ទៀត​មកពីក្រុមទាំងពីរ​នេះបានរង របួសក្រោយ​ពួកគេប៉ះ​ទង្គិចគ្នា​ យ៉ាងសាហាវ​នៅក្នុងស្រុក​ដដែល កាលពី​ថ្ងៃអាទិត្យ។ ប៉ុន្តែ​នៅក្នុង​ការប៉ះទង្គិចគ្នា​នេះ មិនមាន​កងកម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន ឬជនស៊ីវិល​ណាម្នាក់​រងរបួសនោះឡើយ។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៧ ក្រុមសកម្ម​ប្រយុទ្ធ ISIS ចំនួន ១,៦០០នាក់ ត្រូវបានសម្លាប់​នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន ហើយ ៨,៥០០នាក់​ផ្សេងទៀត​រងរបួស។ នេះបើតាមសម្តីមន្ត្រី​ក្រសួងការពារជាតិ​​អាហ្វហ្គានីស្ថាន៕