(អេក្វាឌ័រ)៖​ ប្រជាជនអេក្វាឌ័រ​បានចូលរួមក្នុងការបោះឆ្នោត​ប្រជាមតិមួយ​ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ដើម្បីកំ​ណត់ថា តើគួរ ឬក៏មិនគួរ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ក្នុងការ​កំណត់​អាណត្តិ​ប្រធានាធិបតីនោះ។ នេះបើតាម​​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​​ចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ​ ឆ្នាំ២០១៨។

យោងតាម​ប្រធានគណៈកម្មធិការ​ជាតិ​ រៀបចំការ​បោះឆ្នោត លោក នូប៊ីយ៉ា វីលឡាស៊ីស (Nubia Villacis)​ ការិយាល័យ​បោះ​ឆ្នោតចំនួន ៣៥,០០០ទីតាំង នៅតែបន្តបើកទ្វារ​នៅឡើយរហូត​ដល់ម៉ោង ០៥៖០០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) ហើយលទ្ធផល​បោះឆ្នោត​ត្រូវបាន​គេរំពឹងថា នឹងប្រកាស​នៅម៉ោង ៨៖០០នាទីយប់។ យ៉ាងណា​ក៏ដោយ ការបោះឆ្នោត​ប្រជាមតិ​ខាងលើ ដែលធ្វើឡើងតាម​ការអំពានាវ របស់ប្រធានាធិបតី​អេក្វាឌ័រ​បច្ចុប្បន្ន លោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) ត្រូវបានគេ​មើលឃើញ​ថា មានគោលបំណង​ទប់ស្កាត់​មហិច្ឆតា និង ការប្រកួត​ប្រជែង​ក្នុងការបោះឆ្នោត​សាជាថ្មី របស់អតីតប្រធានាធិបតី​អេក្វាឌ័រ លោក រ៉ាហ្វាអែល ខូររៀ (Rafael Correa)។

គួរបញ្ជាក់ថា លោក Rafael Correa ធ្លាប់កាន់តំណែង​ជាប្រធានាធិបតី​អេក្វាឌ័រពី​ឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។ លោកបាន​ទៅរស់នៅក្នុងប្រទេសប៊ែលហ្សិក​ ជាមួយគ្រួសារ ហើយទើបតែ​នឹងត្រឡប់មក​ស្រុកកំណើតវិញ​ កាលពីដើម​ខែមករា ដើម្បីធ្វើ យុទ្ធនាការ​ស្វែងរកការគំាទ្រ​ មិនឱ្យធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​លោក Lenin Moreno យល់ថា ការកំណត់អាណត្តិ​ប្រធានាធិបតី​ គឺជារឿងចាំបាច់សំដៅ​ធានាឱ្យបានគោលការណ៍​ផ្លាស់ប្ដូរ នៃចលនា​នយោបាយ​ផ្សេងៗ​ពីគ្នា៕