(វ៉ាស៊ីនតោន)៖ គួរអរគុណ​តារាវិទូក្រៅ​​ក្របខណ្ឌមួយរូប ដែលជម្រុញ​ឲ្យអង្គការ NASA អាចរកឃើញ​ផ្កាយរណប IMAGE ដែលបានបាត់ដំណឹង​ទៅហើយ តាំងតែពី​ឆ្នាំ២០០៥ ប៉ុន្តែវា​ត្រូវបាន​គេសន្មត់ថា បានគាំងដំណើរការ​ទាំងស្រុង ទោះបីជា NASA អាចរក​ឃើញវិញក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។

តាមព័ត៌មានភ្ញាក់​ផ្អើលកាលពីថ្ងៃ​ម្សិលមិញនេះ អង្គការ NASA បានឲ្យ​ដឹងតាម Twitter ថា «ពួកយើងកំពុង​តែប៉ុនប៉ង​ភ្ជាប់ការទាក់ទង​ទៅនឹងផ្កាយ​រណប IMAGE តាមរយៈ​មជ្ឈម​មណ្ឌលទាក់ទង​យានអវកាស​អាមេរិក Deep Space Network បន្ទាប់ពីតារាវិទូ​មិនពេញ​ជំនាញម្នាក់ (Amateur Astronomer) បាន​​រាយការណ៍​ឲ្យដឹងថា បានប្រទះឃើញ​សញ្ញារបស់ផ្កាយ​រណបនោះ កាលពីពាក់កណ្តាល​ខែមករានេះ»។

ទោះបីជាមាន​ការអះអាងថា IMAGE បានស្លាប់ទៅហើយ​ក៏ដោយ តែក្រុមអ្នក​វិទ្យាសាស្ត្រ និងវិស្វករ​របស់ NASA នៃមជ្ឈមណ្ឌលហោះហើរ​អវកាស Goddard នឹងបន្ត​ធ្វើកា​រវិភាគ​ទិន្នន័យពីផ្កាយរណប​នេះបន្ថែម ដើម្បីសិក្សាអំពី​ស្ថានភាព​របស់វា។ ដំណើរការ​នេះអាច​ទៅរួច គឺតម្រូវឲ្យក្រុម​ជំនាញស្រាវជ្រាវ​រកទិន្នន័យចាស់ៗ​របស់វា ត្រឡប់យក​មកវិញ។

គួរជម្រាបថា ផ្កាយរណប​ខាងលើ ដែលមានឈ្មោះ​ពេញថា Imager for Magnetpause-to-Aurora Global Exploration ត្រូវបាន​គេ​បាញ់​បង្ហោះ​តាំងតែពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០០ ខណៈមូលដ្ឋាន​នៅលើភពផែនដី បានបាត់បង់ទំនាក់ទំនង​​ជាមួយវាដោយ​ឥត​រំពឹង​​ទុកកាល​ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៥៕