(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​​ ត្រាំ បានជម្រុញឱ្យ​គណបក្ស​សាធារណៈរដ្ឋ និងគណបក្ស​ប្រជាធិបតេយ្យ ធ្វើការងាររួមគ្នា​ ដើម្បីដោះស្រាយ​បញ្ហា​ជនភៀស ខ្លួននិងហេដ្ឋា​រចសម្ព័ន្ធ បន្ទាប់ពីគណបក្ស​ទាំងពីរបាន​តស៊ូមតិអស់​រយៈពេលជាងមួយឆ្នាំ​មកនេះ លើការដឹកនាំរបស់​លោក ត្រាំ ពោរពេញ​ដោយភាពចម្រូង​ចម្រាស។ នេះបើ​តាមការ ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសុន្ទរកថា​ទៅកាន់សភា ឬ State of the Union កាលពី​ថ្ងៃអង្គារ (ម៉ោងនៅ​សហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើង​ដូច្នេះថា «នៅយប់នេះ ខ្ញុំអំពាវនាវ​ឱ្យ យើងទាំងអស់គ្នា​ទម្លាក់ចោល​ការខ្វែងគំនិតគ្នា​របស់យើង ដើម្បីស្វែងរក​ចំណុចរួម និងសាមគ្គីភាព ដែលយើង​ត្រូវការជាចាំបាច់​ផ្ដល់ជូន​ប្រជាជន​របស់យើង ដែលបាន​បោះឆ្នោត​ឱ្យ យើង​បម្រើ»។ ជាងនេះ​ទៅទៀត ដើម្បីបំបាត់​ការសង្ស័យ​លើការដឹកនាំ​របស់​លោក ប្រធានាធិបតី​រូបនេះ​បាន​អះអាងថា គិតចាប់តាំងពី​ការបោះឆ្នោត​មក លោកបាន​បង្កើត​ការងារថ្មី​ជាង ២.៤លាន​កន្លែង ក្នុងនោះរួមមាន​ទាំង​ការងារថ្មី ២០០,០០០កន្លែង នៅក្នុងវិស័យ​រោងចក្រតែ​មួយគត់។

គួរបញ្ជាក់ថា ប្រឈមមុខ​នឹងការផុតការបរិច្ឆេទ​ ពាក់ព័ន្ធនឹងការអនុម័ត​កញ្ចប់ថវិកា​ស្ដីពីជនភៀសខ្លួន​​ដ៏ចម្រូងចម្រាស រវាងអ្នក​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ លោក ត្រាំ ក៏បានអំពាវ នាវផងដែរ​ឱ្យគណបក្សទាំងពីរ​ ធ្វើកិច្ច​សហកិច្ចប្រតិបត្តិការ​ជាមួយគ្នា សំដៅដោះស្រាយ​ភាពជាប់គាំង​បច្ចុប្បន្ន៕